ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហាយឡេនឌ័រក្រឡាប់ធ្លាក់វាលស្រែរបួសធ្ងន់ស្រាល៣នាក់សង្ស័យអ្នកបើកងងុយដេក

ចែករំលែក៖

ខេត្តស្វាយរៀងៈមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលក់ស្កប់ស្កល់ ចេញមកមើលយ៉ាងច្រើនកកកុញ ទាំងពាក់កណ្ដាលយប់ ខណៈដែលមានរថយន្តម៉ាកហាយឡេនឌ័រ ព៌ណសមួយគ្រឿង ក្រឡាប់ធ្លាក់វាលស្រែ បណ្ដាលឲ្យមនុស្សប្រុសស្រីជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់ សង្ស័យអ្នកបើកងងុយដេក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ នៅចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះអ្នកបើករថយន្តមានឈ្មោះសុខ លុច ភេទប្រុស អាយុ២៨ឆ្នាំ និងអ្នករួមដំណើរមានឈ្មោះ ពេញ សួងឡា ភេទប្រុស អាយុ២៧ឆ្នាំ និង សេង ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ដោយអ្នកទាំង៣ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រីឯរថយន្តម៉ាកហាយឡេនឌ័រ ព៌ណស ពាក់ស្លាកលេខ ២AN០៣៤៧ ភ្នំពេញ ខូចខាតយ៉ាងដំណំ។

យោងតាមអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចនគរបាលថា រូបគាត់បានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តស្វាយរៀង ដោយបើកបរពីទិសខាងលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះមានអារម្មណ៍ងងុយដេក ក៏ងោកមួយភាំង ស្រាប់តែរថយន្តរេចង្កូតក្រឡាប់ធ្លាក់ស្រែតែម្ដង។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំដើម្បីព្យាបាលមុខរបួស ៕ យឹម សុថាន

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖