ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកលឿនជ្រុលបុកម៉ូតូពីក្រោយរងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកលឿនជ្រុលទៅបុកម៉ូតូសេ១២៥ ពីក្រោយ ធ្វើឲ្យ ប្តីប្រពន្ធ២នាក់បោករងរបួស​ ភ្លាមនោះក៏មានម៉ូតូកង់បីមួយគ្រឿងផ្សេងទៀត ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តសាំយ៉ុង បណ្តាលឲ្យខ្ទេចកង់មុខ តែមិនមានរបួស។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-7548 ជិះគ្នា២នាក់ប្តី-ប្រពន្ធ ដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៤​លុះដល់ចំណុចកើតហេតុបានបើកភ្លើងសុីញ៉ូ ឆ្វេង បំណងបតតែមិនទាន់បត់ផង ត្រូវបានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3471 បើកស្របទិសលឿនជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលរងរបួស២នាក់ដំណំ ម៉ូតូខ្ទេចរួញកំណាត់ក្រោយ ហើយស្របពេលនោះ ស្រាប់តែម៉ូតូកង់បីមួយគ្រឿង បើកពីកើតទៅលិចស្របទិសដែរ ជ្រុលទៅបុកគូទរថយន្តបន្ថែមទៀត បណ្តាលឲ្យរថយន្តកំពិតគូទក្រោយ ម៉ូតូកង់បីបាក់រួញកង់មុខ តែមិនបង្កឲ្យមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួល ចរាចរណ៍ បាញ់ថ្នាំចំណាំទុក យករថយន្តនិងម៉ូតូ ទៅដាក់កៀនខាងចិញ្ចើមផ្លូវ ជៀសវាងកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីទុកលទ្ធភាពឲ្យភាគីទាំង៣ និយាយសម្របសម្រួលគ្នា ៕ សុខាសែនជ័យ


ចែករំលែក៖