ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសៃអនបើកបុកខឿនសួនច្បារក្បែរវិមានឯករាជ្យ រួចបន្តទៅបុកឆត្រនិងថូផ្កាមុខហាងចិន បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រួមដំណើរជាមួយនារីបីនាក់ទៀតក្នុងរថយន្ត បានបើករថយន្តបោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោង ក៏បានបួងចង្កូតមកខាងស្ដាំ ជ្រុលទៅបុកខឿនសួនច្បារ ហើយរេចង្កូតទៅបុកថូផ្កា និងបង្គោលឆត្របាក់មួយដើម បណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករបួសទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវនរោត្ដម កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់រួមដំណើរ និងនារីបីនាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកសៃអន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3662 ធ្វើដំណើរតាមបណ្ដោយព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ស្ដាំមកផ្លូវព្រះសីហនុ តែដោយសារល្បឿនលឿនពេកបណ្ដាលជ្រុលទៅបុកខឿនសួនច្បារ ហើយរេចង្កូតទៅបុកថូផ្កា និងបង្គោលឆត្រនៅមុខហាងចិនជាប់ចញ្ចើមផ្លូវ បណ្ដាលរងការខូចខាត តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ដោយខឿនផ្លូវមិនខូចខាត សមត្ថកិច្ចក៏បានឲ្យម្ចាស់រថយន្តដោះស្រាយជាមួយម្ចាស់ផ្ទះដែលរងគ្រោះ ដោយខាងរថយន្តព្រមសង់ទៅលើថូផ្កា និងបង្គោលឆត្រដើម្បីបញ្ចប់រឿង៕ ភារ៉ា ដង្កោ


ចែករំលែក៖