ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខរដ្ឋ បុកម៉ូតូហុងដាសេ១២៥របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តពាក់ស្លាកលេខរដ្ឋ ដែលគេស្គាល់ជារបស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូមួយគ្រឿង ដែលបើកបញ្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីសង្គ្រោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ140 /141 ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមមន្ត្រីនគរបាលស្រុកបានឲ្យដឹងថា បុរសដែលជិះម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះឡាយ សុខណា អាយុ២១ឆ្នាំ មុខរបរសន្តិសុខមានទីលំនៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ខណៈបើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១F ១០៣១ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តឲ្យលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តមានឈ្មោះ ចាន់ ភក្ដី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃធ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ដោយធ្វើដំណើរពីលិច ទៅកើត(ពាក់មួកសុវត្ថិភាព) មកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក Ford Ranger ពាក់ ស្លាកលេខ រដ្ឋ ១២២-០៤២៨ ពណ៌ ស ដែលបើកបញ្រាសគ្នា ពីកើតទៅលិចយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបែកក្បាលហូរឈាមសន្លប់នឹងកន្លែង។

ក្រោយមក ជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែលស្រុកស្វាយទាបជួយសង្គ្រោះ និងដឹកមកកាន់មន្ទីរពេទ្យភ្លាមៗ។

យោងតាមសមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យដឹងថា មូលហេតុ: ដោយសារតែអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ទើបជួបគ្រោះថ្នាក់នេះកើតឡើង ។ ក្រោយវាស់វែងររួច មធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

ae (1) ae (2) ae (3)


ចែករំលែក៖