ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប៊្រីដ ស្លាកលេខ​នគរបាល​ បើកលឿនជ្រុលទៅបុករង្វង់វិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ ​បុរសម្នាក់សង្ស័យស្រវឹងស្រា បាន​បើកបររថយន្តមួយគ្រឿង ពាក់ស្លាកលេខ​នគរបាល​ ក្នុងល្បឿនយ៉ាងលឿន ដោយក្រឡឹងជុំវិញរង្វង់វិមានឯករាជ្យ ស្រាប់តែកាច់ចង្កូតមិនទាន់ ជ្រុលទៅបុករង្វង់វិមានឯករាជ្យពេញទំហឹង​ បណ្ដាលឲ្យខូចខាតបង្គាលផ្នូរ​បុព្វបុរស​មួយចំនួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់រួចឃាត់យករថយន្តភ្លាមៗតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃសុក្រ ​ទី២៣ ខែមីនា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរង្វង់វិមានឯករាជ្យ ស្ថិតតាមបណ្តោយផ្លូវ​នរោត្តម​ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចដែលឈរជើងនៅគោលដៅក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុ​គាត់បានឃើញមានរថយន្តកាមរីហាយប្រ៊ីដ​ មួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខនគរបាល 2-5479 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញណ និងសង្ស័យស្រវឹងផងដែរនោះ ។ ដោយធ្វើដំណើរ​ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បួងចង្កូតមិនទាន់​ ក៏ជ្រុលទៅបុកផ្នូរ​បុព្វបុរស​ពេញទំហឹង​ បណ្ដាលឲ្យខូចខាតបង្គាលមួយចំនួន និងបណ្ដាលឲ្យរថយន្តរងការខូចខាត​ផ្នែកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ​។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ មកយករថយន្តបង្ក ទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ស តារា


ចែករំលែក៖