ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របុករថយន្តកាមរីឆ្លាមជ្រុលបុករបាំងថ្មគាបជាប់

ចែករំលែក៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿង បានបុកបន្តកន្ទុយគ្នាហើយរុញផ្ទប់ទៅនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវរងការខូចខាតមួយគ្រឿង រីឯមួយគ្រឿងទៀត បានបើកគេចបាត់ស្រមោល កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី កែងផ្លូវR6 ក្បែរសួនក្តាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-9875 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ៣០ឆ្នាំ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបង្កម៉ាក High Lander ពណ៌ស មិនចាំស្លាកលេខ បើកស្របទិសគ្នាមកពីក្រោយយ៉ាងលឿន បុកគូទរថយន្តរងគ្រោះពេញទំហឹង បណ្តាលឲ្យជ្រុលទៅបុកផ្ទប់នឹងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតទាំងមុខទាំងក្រោយទៅមុខលែងរួច និងបែកពោងការពារទាំងអស់ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបុកគេហើយ រថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ដោយឡែកម្ចាស់រថយន្តរងគ្រោះបានចុះពីរថយន្តជិះម៉ូតូគេចខ្លួនទៅបាត់ដែរ បន្សល់ទុករថយន្តដែលបុករបាំងថ្មនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងបានទាក់ទងទៅកម្លាំងជំនាញស្ទួចយករថយន្ត ដែលរងការខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖