ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ បុកជាមួយរថយន្តLexus 350 នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ​៖ បុរសម្នាក់បើករថយន្ត Highlander ទៅគ្នាជាមួយ Lexus RX350នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យ​ខូចខាត​រថយន្តទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរចោមរោមមើលជាច្រើន កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា​​ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 2Q-0567 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AL-0666 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន​ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យ​រថយន្តទាំងសង រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលអោយនរណាម្នាក់រងរបួសនោះទេ ក្រោយមកភាគីទាំងសងខាងបានចុះពីលើរថយន្ត និងបានប្រកែកគ្នារកត្រូវរៀងៗខ្លួន ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើលទាំងយប់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ ហើយបានឲ្យភាគីរថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយះពេលជាយូរ តែភាគីសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញក៏វាស់វែងរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖