ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយកង់៦ បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង របួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តហុីយ៉ាន់ដាយកង់៦ ដឹកសម្ភារៈសំណង់បើកបរលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង និងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដែលនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រស្ថិតក្នុងភូមិព្រៃថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ កង់៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4812 បើកបរដោយបុរសម្នាក់ឈ្មោះ ថៃ ផាណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបបើកបរ មានស្រុកកំណើត ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិសាត់ និងមានអ្នករួមដំណើរជាមួយ២នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មិនដឹងមកពីមូលហេតុអី ក៏ចង្កូតពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើទាញធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែម្ដង បណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់គៀបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញដឹកតាមរថយន្តសាម៉ុយយកទៅជួយសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់វាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖