ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX330 សង្ស័យម្ចាស់ស្រវឹងស្រា បុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក់ឡិចស៊ីស RX330 មួយគ្រឿង បើកបរក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង នៅកន្លែងភ្លើងស្តុបវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្លើងស្តុបវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តឡិចស៊ិស RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AX-8657 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា និងមានបុរសម្នាក់រួមដំណើរ ដោយធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កមិនបានបង្អង់ល្បឿននោះទេ ក៏ជ្រុលចង្កូតទៅបុករះម៉ូតូចំនួន៤គ្រឿង និងរថយន្តតូយ៉ូតា ប្រាដូ ពណ៌ខ្មៅស៊េរីទំនើប ពាក់ស្លាកលេខរដ្ឋ១០ 2-0559 មួយគ្រឿង ខណៈដែលកំពុងឈប់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាត ចំណែក ឯអ្នកជិះម៉ូតូ ៥នាក់ បានរងរបួស់ធ្ងន់និងស្រាល ត្រូវបានដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាននាំបុរសដែលជាអ្នកបើកបររថយន្តបង្កទៅកាន់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ ដើម្បីសួរនាំ រីឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖