ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសមួយគ្រឿងឡើងជែងរថយន្ត១គ្រឿងទៀត ជ្រុលចង្កូតបុកបុរសម្នាក់ស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តឡិចស៊ីសមួយគ្រឿងឡើងជែងរថយន្ត១គ្រឿងទៀត ជ្រុលចង្កូតបុកបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តដុងអារ័ញ្ញ ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA-8700 បើកបរពីកើតទៅលិច ហើយឡើងជែង ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ក៏ស្រាប់តែមានរថយន្តតូច១គ្រឿងម៉ាកឡិច្សសុីស RX300 ពណ៌ប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-6003 បើកបរពីលិចទៅកើត (ច្រាសទិសគ្នា )បានឡើងជែងរថយន្តមួយគ្រឿងដែលបើកពីមុខ ក៏ជ្រុលទៅ បុកម៉ូតូខាងលើបណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សីុង សឹង ភេទប្រុស អាយុ៦២ ឆ្នាំរស់នៅក្នុងភូមិ ត្រាង ឃុំ អូតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ( រងរបួសធ្ងន់) ហើយសមត្ថកិច្ចអន្តរាគមន៍ ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែអកុសលជនរងគ្រោះបានស្លាប់ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុ ទុករថយន្តចោល ហើយចុះរត់គេចខ្លួនបាត់ ។

រថយន្ត និងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍និមិត្ត ដើម្បីដោះស្រាយតាមច្បាប់ ៕ វណ្ណា


ចែករំលែក៖