ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៤៧០បើកបុកក្បាលនាគទ្រូងពុះចែកផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រាជោគជាំបានបើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ក្នុងល្បឿនលឿនបានជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់បើកទៅមុខលែងរួច ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (ទល់មុខផ្សារសុីធីម៉ល ) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2S-5499 បើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកក្បាលនាគទ្រូងផ្លូវអស់ចំនួន១កង់ ហើយបានព្យាយាមបើកទៅមុខទៀត តែដោយសារថយន្តបែកកង់ខាងឆ្វេងក៏រេទៅបុកទ្រូងផ្លូវម្តងទៀតអស់ចំនួន២កង់ថែមទៀត ចំណែករថយន្តកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវបើកទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖