ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៥៧០ បត់មិនប្រយ័ត្នបុកម៉ូតូម៉ាកស្មាស់វី បណ្តាលឲ្យបុរសម្នាក់របួសបាក់កជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់.កជើងម្ខាង ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈដែរជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តឡិចស៊ីស៥៧០មួយគ្រឿង បត់ខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ីយគីស្មាស់វី ទាំងកំរោល ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់​ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភ្លើងស្តុបផ្សារទំនើបផារ៉ាហ្គន តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ២១៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-8686 តាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនត្រង់ភ្លើងស្តុបផ្សារទំនើបផារ៉ាហ្គន រថយន្តក៏បើកបត់ទៅខាងលិច ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីស្មាស់វី ពណ៌ខ្មៅ មួយគ្រឿង បិទខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3087 បើកតាមបណ្តោយផ្លូវព្រះរោត្តមទិសដៅពីជើងទៅត្បូង បញ្ជ្រាសទិសដៅគ្នាជាមួយម៉ូតូក៏បានបុកជាមួយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូនោះរបួសបាក់កជើងម្ខាងធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរស្មីដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ស តារា


ចែករំលែក៖