ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងក្រឡាប់ធ្លាក់ផ្លូវខ្លួនឯងផ្ទួនៗនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីកងរាជអាវុធហត្ថស្រុកព្រៃនប់ឲ្យដឹងថា មានរថយន្ត២គ្រឿង បានក្រឡាប់ធ្លាក់ផ្លូវខ្លួនឯងផ្ទួនៗគ្នាជាបន្តបន្ទាប់ កាលពីម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩+១៦០ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ទី១,រថយន្តម៉ាកហុីយ៉ាន់ដាយ២តោនកន្លះក្បាលពណ៍ខៀវពាក់ស្លាក លេខភ្នំពេញ3A-32 95 បើកបរដោយឈ្មោះជា សំណាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខបរបរបើកបរ មានទីលំនៅសង្កាត់ដង្កោរ ខណ្ឌដង្កោរ( ភ្នំពេញ )។ ទី២,រថយន្តម៉ាកកូរ៉េ ២តោនកន្លះ ពណ៏ស ពាក់ផ្លាកលេខព្រះសីហនុ3A-7387 បើកបរ ដោយឈ្មោះវ៉ាន់ ទូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខបរបរ បើកបរ មានទីលំនៅ ភូមិអូរចំណា ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿន ចំពេលមេឃកំពុងភ្លៀងកក់ខែផង ក៏រអិលក្រឡាប់ទៅខាងឆ្វេងដៃដូចគ្នានិង ក្រឡាប់ឆ្ងាយពីគ្នាប្រហែល៣០ម៉ែត្រប៉ុណ្ណោ បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត និងបាក់បង្គោលសុវត្តិភាពតាមផ្លូវចំនួន៧ដើម ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ ។

ក្រោយកើតហេតុកងរាជអាវុធហត្ថស្នាក់ការ៤០១ និងប៉ូលីសរដ្ឋបាលឃុំតានៃ សហការអន្តរាគមន៍ជួយលើកិច្ចការផ្សេងៗ តាមបច្ចេកទេស និងនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖