ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាផ្លូវបំបែកជា៤រងការខូចខាត

ចែករំលែក៖

ក្រុងស្វាយរៀង៖ ខេត្តស្វាយរៀងះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងនៅផ្លូវបំបែក បង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូច ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏កាលពីថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៥៥ នាទី រសៀល លើផ្លូវបំបែកជាបួនលេខ ២១២ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថារថយន្ដបង្កដែលបើកមិនគោរពសិទ្ធអទិភាពម៉ាក ឡិចស៊ីស RX ៣០០ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AT៧៩៥០ បើកបរដោយឈ្មោះ ធុន ចាន់រ៉ា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។

ចំណែកភាគីម្ខាងទៀតរថយន្ដម៉ាក Hilux vigo ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២V ៩១៣២ បើកបរដោយឈ្មោះ ហ៊ រិទ្ធី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ ចុងកោះគរ ឃុំ ស្វាយប្រទាល ស្រុក ស្អាង ខេត្ត កណ្ដាល ខណៈរថយន្ដខូចខាតធ្ងន់ ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្ដម៉ាក ឡិចស៊ីស RX ៣០០ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AT ៧៩៥០បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតមកលិចដល់ផ្លូវបំបែកជាបួនខណះមិនគោរពសិទ្ធអទិភាពស្រាប់តែទៅបុក និងរថយន្ដម៉ាក Hilux vigo ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២V ៩១៣២ ដែលធ្វើដំណើរពីជើងមកត្បូងយ៉ាងពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលតែម្ដងសំណាងអ្នកបើកបរសងខាងមិនមានរងរបួសអ្វីនោះទេ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង និងអូសយកមធ្យោបាយរថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖