ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបើកបុកគ្នាបួសធ្ងន់ និងស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែល រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង បានបើកបុកគ្នាជាមួយរថយន្តដឹកមាន់មួយគ្រឿងទៀតយ៉ាងពេញទំហឹង ក្នុងខណៈកំពុងបើកបរធ្វើ ដំណើរក្នុងទិសដៅច្រាស់គ្នា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចជិតសាលាសាលាកូរ៉េ ស្ថិតក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដឹកមាន់ម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A.3695 បើកបរដោយយុវជនមិន ស្គាល់ឈ្មោះម្នាក់ និងមានអ្នកជិះរួមដំណើរនៅក្នុងនោះចំនួន៣នាក់ទៀតផងដែរ ហើយពួកគេបានរងរបួសទាំងអស់គ្នា មិនតែប៉ុណ្ណោះ រថយន្តនេះបានរងការខូចខាតទាំងស្រុងតែម្ដង ។ ចំណែករថយន្តដឹកស៊ីម៉ង់ត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.2721 របស់ក្រុមហ៊ុន HC អ្នកបើកបរបានបើករត់គេចខ្លួនបាត់រងការខូចខាតបែកធុងប្រេង ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅច្រាស់គ្នា ដោយរថយន្តដឹកមាន់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តដឹកស៊ីម៉ង់ត៍បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងថា មានបញ្ហាអ្វីនោះទេ ទើបបុកគ្នា ហើយទំនងរថយន្តដឹកមាន់បុកចំធុងប្រេងរបស់រថយន្តដឹកស៊ីម៉ង់ត៍។ ព្រោះធុងប្រេងបែក ចំណែករថយន្តដឹកមាន់បានរងការខូចខាតក្លាយជាដែកអេតចាយតែម្ដង។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលការិយល័យចរាចរផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញនាំទៅរក្សាទុករង់ចាំការដោះស្រាយគ្នាបៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖