ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២គ្រឿង​បុក​គ្នា​ទាំង​ព្រឹក​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​បណ្ដាល​ឲ្យ​ជន​ជាតិ​វៀតណាម​ម្នាក់​រង​របួស​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​អុី​ សុខា ​ស្នងការ​រង​ទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍​បាន​ ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​៦និង៤០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៦១-១៦២​ ស្ថិត​នៅ​ក្នុង​ភូមិ​តានៃ​ ឃុំ​តានៃ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​រថយន្ត​ធុនធំ​​ ពណ៌​ស-ប្រផេះ​ គ្មានផ្លាកលេខ​ សណ្តោង​រឺម៉ក​ ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ បាន​រ៉េចង្កូត​ ទៅ​បុករថយន្ត​១គ្រឿង​ ម៉ាក​HIGHLANDER ពណ៌ស្ករ ពាក់ផ្លាកលេខ​ ភ្នំពេញ​2AF-1064 មាន​ទិសដៅ​ផ្ទុយ​គ្នា​ អ្នក​បើកបរ​ឈ្មោះ​ ជួន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មានទីលំនៅ​ភ្នំពេញ​ មាន​អ្នករួមដំណើរ​ ចំនួន​២នាក់​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ម្នាក់​ឈ្មោះ​ HOYNH VAN HIEN ជនជាតិ​វៀតណាម​អ្នក​រួម​ដំណើរ​ នឹង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​។

រថយន្ត​ទាំង​២គ្រឿង​សមត្ថកិច្ច​ ​បានយក​មក​រក្សាទុក​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ដេីម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​បន្ត​៕ ឆ្លាម សមុទ្រ


ចែករំលែក៖