ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត បើកបុកម៉ូតូពីក្រោយ របួសធ្ងន់១ ស្រាល១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវជាតិ គ្មានពាក់មួកសុវត្ថិភាពពេលយប់ជ្រៅ ស្រាប់តែរថយន្ត១គ្រឿងបើកលឿនមកពីក្រោយជ្រុលចង្កូតបុកចំពេញទំហឹង បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិចំបក់ ឃុំប្រាំបីមុម ស្រុកថ្ពង ។

រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B-5254 បើកបរដោយឈ្មោះ គ្រុយ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1B-3167 បើកបរដោយឈ្មោះ ង៉ែត ណុយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ ។ ដោយឡែកអ្នករួមដំណើរជាមួយឈ្មោះ សុីម ស៊្រុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាំងពោធិ៍ ឃប្របីមមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឆ្លើយបំភ្លឺសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវជាតិលេខ៤៤ ទិសដៅពីកើតទៅលិចដោយគ្មានពាក់មួកសុវត្ថិភាពទេ ។ លុះជិះមកដល់ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ស្រាប់តែមានរថយន្ត១គ្រឿង បើកមកពីក្រោយដោយល្បឿនលឿន បើកជែងម៉ូតូពួកគេ តែមិនផុត បានបុកចំកន្ទុយម៉ូតូ បណ្តាលឲ្យដួលបោកខ្ទាតដល់ចិញ្ចើមថ្នល់ រងរបួសអ្នកបើកម៉ូតូធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ហើយរូបគេជិះពីក្រោយ រងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរ បានចុះអន្តរាគមន៍ នាំយកទាំងម៉ូតូ និងរថយន្តដែលខូចខាតស្រាល មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖