ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRolls Royce របស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រាជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Rolls Royce របស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាជាមួយនិងរថយន្តមួយគ្រឿងម៉ាកMiubishi បណ្ដាលឲ្យខូចខាត ហើយអង្គរក្សរបស់ឧកញ៉ាឈ្លោះគ្នាតឹងសរសៃកយកត្រូវរៀងខ្លួនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយដោះស្រាយ ចុងក្រោយភាគីខាងរថយន្តបង្កម៉ាកMiubishiសុំទោស ខាងរថយន្តRolls Royce របស់ឧកញ៉ា ជាសាធារណៈដើម្បីបញ្ចប់រឿង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹង មុន ពេលកើតហេតុគេឃើញរថយន្ត Miubishi មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AX-7312 បើកបរដោយ បុរសម្នាក់ជិះក្នុងទិសដៅពីជើង ទៅត្បូងនៅតាមបណ្ដាល ផ្លូវ៥៩៨មកចំណុចកើតហេតុក៏បានប៉ះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកRolls Royce ដែលពាក់ស្លាក លេខព្រះសីហនុ2F-1111 បើកបរដោយបុរសម្នាក់ដែរជា អង្គរក្សរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងទិសដៅ ពីជើង ទៅត្បូងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយបានជជែកគ្នា តឹងសរសៃកដាក់គ្នានៅទីតាំងកន្លែងកើតហេតុ ហើយ អ្នកបើករថយន្ត ម៉ាកRolls Royce ដែលជាអង្គរក្សឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឲ្យភាគីខាងរថយន្តបង្កសុំទោសជាសាធារណៈដើម្បីបញ្ចប់រឿងនៅនឹងកន្លែងដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕ស រស្មី


ចែករំលែក៖