ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ថឡិចស៊ីសបើកម៉ូតូបណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តឡិចសុីសបើកទាំងស្ថានភាពស្រវឹងហើយជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT 0704 បើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្រាប់តែមានរថយន្តឡិចស៊ីសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N 8877 បើកបរដោយបុរសជនជាតិចិនម្នាក់បានបើកបរពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៤យ៉ាងលឿនរេចង្កូតទៅបុកនឹងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ និងបញ្ជូនទៅសង្គ្រោះភ្លាមៗតែដោយអកុសល បុរសម្នាក់រងរបួសធ្ងន់ពេលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ដោយឡែករថយន្តបង្កព្យាយាមបើករត់រហូតទៅដល់ក្នុងបុរីសែនមនោរម្យក៏ទុករថយន្តចោលរត់បាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ដើម្បីវាស់វែងយករថយន្តនិងម៉ូតូត្រូវទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។

ចំណែកសពត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖