ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ២នាក់ដំណាលគ្នា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីលើកនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានបុរសចំនួន ២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីដំណាលគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ នៃទឹកដីស្រុកក្រគរ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣.១៤៤ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0649 អ្នកបើកបររត់គេចបាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើពេញទំហឹង បណ្ដាលឲ្យរងការខូចខាតគោយន្ត និងរថយន្តផងដែរ និងរបួសធ្ងន់ភាគីគោយន្យកន្រ្តៃដឹកឈើ ឈ្មោះ ហុី លាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជរ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ។

របាយការណ៍នគរបាលខាងលើបន្តថា លុះនៅវេលាម៉ោង៨ និង៣០នាទីយប់ដដែលនោះ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០-១៧១ ត្រង់ចំណុចលើស្ពានធ្លាម្អម ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម្នាក់ វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកខឿនស្ពានថ្ម បណ្ដាលឲ្យដួលចូលរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ 3A 1732 ខណៈកំពុងធ្វើចរាចរខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រម៉ោល ភាគីម៉ូតូរងរបួសធ្ងន់ឈ្មោះ វៃ សុធា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។

របាយការណ៍ដដែលបន្តទៀតថា ចំពោះជនរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដំណាលគ្នាទាំង ០២នាក់ខាងលើ ត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ គោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើ និងរថយន្ត មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖