ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១ថ្ងៃនគរបាលខេត្ដកណ្ដាលចាប់ខ្លួនជនសង្ស័យ៧នាក់ដកហូតថ្នាំញៀន៣០កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ រយៈពេលត្រឹម១ថ្ងៃ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នគរបាលតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្ដកណ្ដាល បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន៤ករណី ចាប់ខ្លួនជនសង្ស័យ៧នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៣០កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នគរបាលដែលចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨រួមមាន៖ នគរបាលស្រុកស្អាងបង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ ធួក ម៉េងសែ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (មុខសញ្ញាជាប់ពន្ធនាគារចំនួន១លើក កាលពីឆ្នាំ២០១១ រយៈពេល៦ឆ្នាំ) និងម្នាក់ទៀតឈ្មោះ ស វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល (មុខសញ្ញាជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ កាលពីឆ្នាំ២០០២) និងវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនចំនួន១៩កញ្ចប់ (ធំ៣កញ្ចប់,មធ្យម៣កញ្ចប់និងតូច១៥កញ្ចប់) ,ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ,នគរបាលស្រុកនគរបាលស្រុកពញាឮបង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឃៀង កាណុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំ និងវត្ថុតាងដកហូតបានមាន៖ថ្នាំញៀន៤កញ្ចប់(ធំ២កញ្ចប់និងតូច២កញ្ចប់) ,នគរបាលស្រុកលើកដែកបង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ទា ពិសិដ្ឋ ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក និងវត្ថុតាងដកហូតបានមាន៖ ឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនិងប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ប្រាក់រៀលចំនួន៤០០០រៀល និងទូរស័ព្ទដៃ២គ្រឿង ,និងនគរបាលក្រុងតាខ្មៅបង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ៣នាក់ទី១-ឈ្មោះ វ៉ាន់ ស្រីភ័ស្ដិ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ទី២-ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រី អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ ហូយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ។ ជនសង្ស័យទី២និងទី៣មានទីលំនៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ និងវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀន៦កញ្ចប់ធំ និងទូរស័ព្ទដៃ១គ្រឿង ។

ស្នងការរងនគរបាលខេត្ដកណ្ដាលលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានថ្លែងថា អនុវត្ដន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងនគរបាលតាមបណ្ដាស្រុក/ក្រុងទាំង១១ បានខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន លទ្ធផលគួរឲ្យកត់សម្គាល់ ។ ជាក់ស្ដែងត្រឹមតែរយៈពេល១ថ្ងៃនគរបាល៤ស្រុកបានចេញបង្រ្កាបបាន៤ករណី ចាប់ខ្លួនជនសង្ស័យ៧នាក់ ដកហូតវត្ថុតាងថ្នាំញៀន៣០កញ្ចប់ ,ម៉ូតូ១គ្រឿង និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតដើម្បីចាត់ការតាមនីតីវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖