ព័ត៌មានទាន់ហេតុការណ៍៖

រវល់ហែជំនូនការគេគ្មានអ្នកណានៅចាំផ្ទះត្រឡប់មកវិញចោរលួចគាស់ផ្ទះលួចទូរស័ព្ទដៃ១០០គ្រឿងនិងប្រាក់១ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាលៈ ហាងលក់ទូរស័ព្ទដៃមួយកន្លែងដែលមានយីហោឈ្មោះ អេង លាង ត្រូវជនសង្ស័យចូលធ្វើសកម្មភាពគាស់ផ្ទះលួចយកទូរស័ព្ទដៃជាច្រើនគ្រឿងនិងប្រាក់ដុល្លារចំនួន១ពាន់ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីជនរងគ្រោះជាម្ចាស់ផ្ទះរវល់ទៅហែជំនូនការគេនៅក្នុងភូមិដោយគ្មាននរណានៅចាំផ្ទះ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេង លាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ចំណែកទ្រព្យសម្បត្ដិដែលបាត់បង់មានទូរសព្ទ័គ្រប់ប្រភេទចំនួន១០០គ្រឿង និងប្រាក់ដុល្លារចំនួន១០០០ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ អេង លាង បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក រូបគេនិងក្រុមគ្រួសារបានទៅហែជំនូនការគេនៅក្នុងភូមិ ហើយបានចាក់សោរផ្ទះទាំងអស់ផងដែរ តែពុំមាននរណាម្នាក់នៅចាំផ្ទះនោះទេ ។ រហូតមកដល់វេលាម៉ោង១១និង១៥នាទី រូបគេនិងក្រុមគ្រួសារក៏ត្រឡប់មកវិញ រួចចាក់សោរទ្វារផ្ទះក៏ស្រាប់តែឃើញសម្ភារៈក្នុងផ្ទះរប៉ាត់រប៉ាយ រីឯទូស័ព្ទដែលដាក់ក្នុងទូរសព្ទ័សម្រាប់លក់បាត់អស់រលីង និងប្រាក់ដុល្លារចំនួន១០០០ដុល្លារបាត់អស់ទៀត ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ ឃើញថា ជនសង្ស័យធ្វើសកម្មភាពដោយគាស់ទ្វារខាងក្រោយ ។

ក្រោយពីពិនិត្យរូច សមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីស៊ើបអង្កេតស្វែងរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖