ព័ត៌មានទាន់ហេតុការណ៍៖

រវើរវាយសោះឈានដល់ហ៊ានយកសាំង២លីត្រចាក់ដុតខោអាវឆេះរោលដល់ខ្លួនប្រាណ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខឯកជនបានយកសាំងដបចំនួន២លីត្រមកចាក់ស្រោចលើសម្លៀកបំពាក់ខ្លួន រួចដុតឆេះ នៅក្នុងបន្ទប់ជួលស្នាក់នៅយ៉ាងខ្លាំង បណ្តាលឲ្យឆេះរាលដាលលើខ្លួនប្រាណ ហើយក៏បានបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងបន្ទប់កាលវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១៣១៨ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលសមត្ថកិច្ចបានអះអាងថាជនរង គ្រោះមានសតិមិនគ្រប់។

លោក ម៉ៅ សាវឿន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ជនរងគ្រោះគាត់មានសតិដូចជាសូវគ្រប់នោះទេ ហើយពេលដែលសួរគាត់និយាយថាដូចជាមានឮសម្លេងស្រីចេញពីក្នុងបន្ទប់ទឹក ធ្វើឲ្យគាត់ភ័យស្លន់ស្លោរហើយបានយកខោអាវមកដុត។ លោកបន្តថា ខំតែបានពលរដ្ឋជួយគាត់ពន្លត់ភ្លើងខំអីឆេះស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះ លី នីដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជា សន្តិសុខឯកជន ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ លោកអធិការរងបន្តថា ដោយសារតែគាត់មានសតិមិនប្រក្រតីគាត់បានទៅទិញសាំងដបចំនួន២លីត្រ ហើយបានប្រមូលខោអាវគាត់រួចដុតក៏បណ្តាលឲ្យឆាបឆេះរោលរលាកលើខ្លួនប្រាណ តែដោយសារបានពលរដ្ឋជិតខាងជួយយកទឹកពន្លត់ទើបធូរស្រាល។ភ្លាមៗនោះគេជួយបញ្ជូនគាត់កាន់មន្ទីរពេទ្យខ្មែរសូវៀតបន្ទាន់ ដោយឡែកនៅក្នុងបន្ទប់ពុំមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែឆេះរោលជញ្ជាំងដោយអណ្តាតភ្លើងបន្តិចបន្តួចប៉ុណ្ណោះ។

បច្ចុប្បន្នជនរងគ្រោះកំពុងដេកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យសហភាព ខ្មែរសូវៀត៕ តាឡឹម


ចែករំលែក៖