ព័ត៌មានទាន់ហេតុការណ៍៖

រាប់រយពាន់នាក់ បោះឆ្នោតមុនកាលកំណត់ថ្ងៃ (early voting) នៅក្នុងប្រទេសថៃ

ចែករំលែក៖

រាប់រយពាន់នាក់ នៃអ្នកបោះឆ្នោតមុនកាលកំណត់ថ្ងៃ (early voting) នៅក្នុងប្រទេសថៃ បាននាំគ្នាបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមសាលារៀន តាមវត្តអារ៉ាមនានា និងអគាររដ្ឋាភិបាលផ្សេងៗ ក្នុងទីក្រុងបាងកក ។

ពលរដ្ឋបាននាំគ្នាឈរតម្រង់ជួរយ៉ាងវែងអន្លាយ រង់ចាំចូលគូសសន្លឹកឆ្នោត មុនកាលកំណត់ថ្ងៃ របស់ខ្លួន ។ នៅសប្តាហ៍ខាងមុខនេះ គឺថ្ងៃទី២៤ ខែមីនា ប្រជាជនថៃ នឹងចេញទៅបោះឆ្នោតសកល ជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលពេញចិត្ត បន្ទាប់ពីការបោះឆ្នោតនេះ ត្រូវបានអាក់ខាន និងការទន្ទឹងរង់ចាំ អស់រយៈពេលជិត៨ឆ្នាំកន្លងមកនោះ ។

មានការប៉ាន់ប្រមាណថា ពលរដ្ឋប្រហែល២,៣លាននាក់ បានចូលរួមបោះឆ្នោតមុនកាលកំណត់ថ្ងៃ (early voting)នាពេលនេះ ខណៈដែលពលរដ្ឋទូទាំងប្រទេស ប្រហែល៥១លាននាក់ បានចុះឈ្មោះ ចូលរួមបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មីនា ឆ្នាំ២០១៩។

តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ទម្លាក់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្របច្បាប់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រានោះមក, រដ្ឋាភិបាលយោធា នៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀត បង្កការក្តៅក្រហាយជាខ្លាំងពីសាធារណជនថៃ ។

ការបោះឆ្នោតលើកនេះ ប្រព្រឹត្តទៅតាមរដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយរដ្ឋាភិបាលយោធាប៉ុណ្ណោះរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលបានអះអាងថា ប្រសិនជាគណបក្សដែលលោកឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ឈ្នះការបោះឆ្នោតលើកនេះ ការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មី នឹងត្រូវបានប្រកាសឡើងជាក់ជាពុំខាន ៕


ចែករំលែក៖