ព័ត៌មានទាន់ហេតុការណ៍៖

រាំវង់ជាន់ជើងគ្នាក្លាយជាហិង្សាទាញកាំបិតប៉័ងតោកាប់គូទំនាស់រងរបួសធ្ងន់នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យមណ្ឌលសុខភាពស្រុកឧដុង្គ ខណៈយុវជនម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកឃាត់ខ្លួន ដោយសារតែរាំវង់ជាន់ជើងគ្នា ក្លាយជាទំនាស់ពាក្យសម្តីឈានទៅទាញកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់នគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថា យុវជនដៃដល់ដែលឃាត់ខ្លួនបាននោះមានឈ្មោះ ហ៊ីម រស់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិក្រាំងត្រប់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកយុវជនរងគ្រោះមានឈ្មោះ ឌុន ត្មោល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះរស់នៅក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(រងរបួសត្រូវត្រង់មាត់១កាំបិតនិងដៃ១កាំបិត)។

តាមសម្តីរបស់នគរបាលបានបន្តថានៅមុនពេលកើតហេតុនោះមានកម្មវិធីចាក់ធុងបាស់រាំលេងហើយក៏មានក្រុមក្មេងរាំងលេងជាមួយគ្នាជាច្រើន ដោយឡែកយុវជនរងគ្រោះនិងយុវជនដៃដល់រាំក្បែរគ្នា ក៏ប៉ះគ្នាទាស់ពាក្យសម្តីប្រតាយប្រតប់គ្នា ស្រាប់តែយុវជនដៃដល់បានទាញកាំបិតប៉័ងតោពីចង្កេះកាប់មកលើយុវជនរងគ្រោះបណ្តាលឲ្យរងរបួសមាត់ និងដៃ ពេលនោះមានការភ្ញាក់ផ្អើលយុវជនដៃដល់ព្យាយាមរត់គេចដែលប៉ុន្តែត្រូវបាននគរបាលឃាត់ ។

ចំណែកយុវជនរងគ្រោះបានដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្លាមៗផងដែរ។

បន្ទាប់ពីឃាត់ខ្លួនបានយុវជនដៃដល់រួមជាមួយវត្ថុតាងកាំបិតប៉័ងតោ ត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖