ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីទទួលបានជោគជ័យក្នុងវិស័យផលិតអាវុធប្រឆាំងអាមេរិក

ចែករំលែក៖

មហាអំណាចយោធារុស្ស៊ី ពេលនេះទទួលបានជោគជ័យយ៉ាងខ្លាំងនូវការផលិតអាវុធទំនើបៗក្នុងនោះមានមីស៊ីលល្បឿនលឿន និងមីស៊ីលផ្លោង សម្រាប់កម្ទេចនាវាពិឃាតនិងយន្តហោះចម្បាំងរបស់សត្រូវ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ពេលថ្មីៗនេះរុស្ស៊ី ទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុងការសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ប្រភេទ Kinzhal ដែលមានល្បឿនលឿនអាចទម្លុះរនាំងការពាររបស់សត្រូវបាន។

ជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ីក៏បានចេញផ្សាយផងដែរនូវវីដេអូដែលបង្ហាញពីការធ្វើតេស្ដមីស៊ីលនេះ ដោយបាញ់ចេញពីយន្ដហោះចម្បាំងធុន MiG-31 និងចំគោលដៅយ៉ាងល្អឥតខ្ចោះ។

លើសពីនេះទៅទៀត ការធ្វើតេស្តមីស៊ីលប្រភេទនេះ ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក ពូទីន លើកឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី១ ខែមីនា នៅពេលលោកថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ សភាសហព័ន្ធ ដោយលោកបានហៅមីស៊ីល Kinzhalថា ជាប្រភេទមីស៊ីលល្អឥតខ្ចោះ។

គួរបញ្ជាក់ថា យោងតាមយោធារុស្ស៊ីបានបញ្ជាក់ឲ្យដឹងថា Kinzhalគឺជាប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង១០ដង ហើយវាអាចហោះបានដល់ទៅចម្ងាយ ២.០០០គីឡូម៉ែត្រ។

ជាមួយគ្នានេះ រុស្ស៊ីកំពុងតែបង្កើនការផលិតមីស៊ីលផ្លោង សម្រាប់កម្ទេចនាវាចម្បាំង នាវាផ្ទុកយន្តហោះ ព្រមទាំងយន្តហោះចម្បាំងផងដែរ។ ការផលិតខាងលើមានទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពយោធារបស់រុស្ស៊ី។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក យូរី បូរីសូវ (Yuriy Borisov) នៅថ្ងៃចន្ទទី១២ ខែមីនា នេះបានអះអាងថា ឧស្សហកម្មរុស្ស៊ីត្រៀមខ្លួន រួចជាស្រេចក្នុងការផលិតគ្រាប់មីស៊ីលអន្តរទ្វីប សារម៉ាត (Sarmat) បន្ថែម ហើយដែលមីស៊ីលទាំងនេះសុទ្ធតែមានសមត្ថភាពបាញ់កម្ទេចនាវាចម្បាំង យន្ដហោះចម្បាំង រួមទាំងនាវាពិឃាតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Krasnaya Zvezda លោក Yuriy Borisov បានឲ្យដឹងយ៉ាងដូច្នេះថា «រាល់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការផលិត ត្រូវបានត្រួតពិនិត្យរួចរាល់អស់ហើយ។ ចំណែកឯបរិក្ខារចាំបាច់នានាសម្រាប់ការផលិត ក៏ត្រូវបានតៀមរួចរាល់ដែរ… ដូច្នេះការផលិតមីស៊ីល Sarmatតាមបទបញ្ជារបស់ក្រសួងការពារជាតិបានត្រៀមរួចជាស្រេច»។

គួររំលឹកថា កាលពីថ្ងៃទី១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមផលិតក្នុងចំនួនដ៏ច្រើន នូវអាវុធទំនើបចុងក្រោយរបស់ខ្លួនឈ្មោះ Avangardដែលជាប្រព័ន្ធមីស៊ីលអន្តរទ្វីប រយៈចម្ងាយឆ្ងាយ។ ការផលិតនេះ ត្រូវបានក្រុមជំនាញមើលឃើញថា បានកើតមានឡើងនៅអំឡុងនៃបញ្ហាតានតឹង នៅតាមតំបន់ព្រំដែនរុស្ស៊ី-អឺរ៉ុប ចេះតែកើនឡើង៕ ម៉ែវ សាធី

 


ចែករំលែក៖