ព័ត៌មានទាន់ហេតុការណ៍៖

រឿងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ឈានទៅរកការវាយសម្លាប់រួចយកទៅទម្លាក់ចោលកណ្ដាលចម្ការដើមប្រេងខ្យល់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាអ្នករត់រថយន្តឈ្នួលម្នាក់ត្រូវបានគេព្រួតវាយរហូតដល់ស្លាប់ ហើយអូសសពយកទៅចោលកណ្ដាល ចម្ការដើមប្រេងខ្យល់ដោយកើតចេញដំបូងពីរឿងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ខណៈបើកម៉ូតូចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នកាលពីថ្ងៃទី០៨ តុលា ២០១៨ វេលាម៉ោងប្រមាណជា១០និង៣០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា អ្នករត់រថយន្តឈ្នួលដែលសង្ស័យត្រូវគេវាយសម្លាប់មានឈ្មោះ គុជ សំអៀត អាយុ៣២ឆ្នាំ (អតីតជាគ្រូសូធ្យស្តាំវត្តពេជ្រមន្ត្រី២០០២ ដល់២០០៦) មុខរបររត់រថយន្តឈ្នួលមានទីលំនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ។

ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី០៨ តុលា ២០១៨ វេលាម៉ោងប្រមាណជា១០ និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រវាងរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C- 3952 បើកបរដោយជនរងគ្រោះឈ្មោះ គុជ សំអៀត ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ក្រហម ចេញពីកន្លែងផឹកស៊ី បើកឆ្លងផ្លូវពីត្បូងមកជើងបត់ឆ្វេងក៏បុកពេញទំហឹងចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យរងរបួសបាក់ជើងបែកក្បាលធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងតែម្តង ។

ខណៈនោះជនរងគ្រោះដែលជាអ្នករត់តាក់ស៊ីមិនបានបើករត់គេចទេ ដោយមានចិត្តធម៌ ធ្លាប់បួសជាសង្ឃ ចង់នៅទទួលខុសត្រូវ ពេលនោះបានឈប់រថយន្ត ហើយចុះទៅក្នុងគោលបំណងជួយលើកជនរងគ្រោះ ។ ស្របពេលនោះស្រាប់តែមិត្តភក្កិពួកភឿន និងសាច់ញាតិជនរងគ្រោះ (ដែលរថយន្តបុក) នៅកន្លែងផឹកស៊ីបានចេញមក ហើយបានដេញព្រួតគ្នាវាយអ្នកបើករថយន្តតាក់ស៊ី បណ្តាលឲ្យបាត់បង់ជីវិត រួចអូសសពជនរងគ្រោះទៅចោលក្នុងព្រៃដើមប្រេងខ្យល់ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិគម្ពោធជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយមក សមត្ថកិច្ចនគរបាលសង្កាត់ព្រៃអង្គុញបានមកដល់ ឃើញតែរថយន្ត និងម៉ូតូនៅកណ្តាលថ្នល់ ។ រីឯជនរងគ្រោះឈ្មោះ សោម ម៉ាញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួសជុលទូរទស្សន៍មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវសាច់ញាតិហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដោយជនរងគ្រោះរបួសបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ត្រូវគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីសង្គ្រោះ ។

ប្រភពដដែលបន្តទៀតថា មុនដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តរត់គេចខ្លួន សមត្ថកិច្ចក៏ស្រាវជ្រាវរកម្ចាស់រថយន្តអ្នកបង្កឲ្យមកទទួលខុសត្រូវ ។

ប៉ុន្តែនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានរាយការណ៍ថា មានមនុស្សដេកស្លាប់នៅក្នុងព្រៃដើមប្រេងខ្យល់ នៅភូមិគម្ពោធជ្រូក សង្ស័យជាអំពើឃាតកម្ម សមត្ថកិច្ចក៏បានរាយការណ៍មកលោកស្នងការនគរបាលខេត្តចាត់មន្ត្រីការិយាល័យបច្ចេកទេស ស្នងការដ្ឋាននគរបាលខេត្តសហការជាមួយមន្ត្រីសុខាភិបាលចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ពិតជាអំពើឃាតកម្មនៅកន្លែងផ្សេង ហើយយកមកប្លុងចោលនៅទីនោះ គឺជនរងគ្រោះត្រូវក្រុមជនដៃដល់ចាប់ជ្រមុជក្នុងទឹកភក់ល្បាប់ បណ្តាលឲ្យស្លាប់ ។ បន្ទាប់ពីស្រាវជ្រាវរកអត្តសញ្ញាណទើបដឹងថា សពជនរងគ្រោះជាអ្នកបើកតាក់ស៊ីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅភូមិគម្ពោធលៀប ទើបស្រាវជ្រាវបន្ត ដើម្បីរកក្រុមឃាតកយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។

បើតាមលោក ទី កុសល ប្រធានចំណតតាក់ស៊ីក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ( គុជ សំអៀត )បានដឹកអ្នកដំណើរជាជនជាតិចិនពីភ្នំពេញទៅកាស៊ីណូនៅក្រុងបាវិត លុះមកដល់ម្តុំសង្កាត់ព្រៃអង្គុញ ក្នុងម៉ោងប្រមាណជា១០ជាង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ គឺឡានរបស់គាត់បានបើកប៉ះម៉ូតូដែលចេញពីកន្លែងផឹកស៊ីមួយកន្លែង បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើង បែកក្បាលរងរបួសធ្ងន់ ហើយទំនងជាគាត់ចុះពីរថយន្តមក ដើម្បីដោះស្រាយ ហើយក៏ត្រូវគ្នីគ្នារបស់ជនរងគ្រោះនោះព្រួតវាយធ្វើបាបរហូតបាត់ខ្លួន ទាល់តែដល់រសៀលថ្ងៃទី៩ ខែតុលា ២០១៨ ទើបបានរកឃើញដេកស្លាប់នៅចម្ការប្រេងខ្យល់ ចម្ងាយពីកន្លែងគ្រោះថ្នាក់ប្រមាណជា១គីឡូម៉ែត្រ ។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកកុយ សុភាព ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបានបើកការស៊ើបអង្កេតរហូតកំណត់មុខសញ្ញាជនសង្ស័យបាន៣នាក់ មកសាកសួរនៅស្នងការនគរបាលខេត្ត ស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖