ព័ត៌មានទាន់ហេតុការណ៍៖

រឿង«ថតកុន» របស់នាយគ្រឿន ប្រកាសចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបកំប្លែងថ្មីរឿង “ថតកុន” ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្តែងរបស់នាយគ្រឿន បានប្រកាសចាក់បញ្ចាំងហើយ ។ កម្មវិធីប្រកាសចាក់បញ្ចាំងជាមួយនឹងការប្រគំតន្រ្តី ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នារោងភាពយន្ត PRIME Cinerplex ស្ថិតក្នុងផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ ក្រោមវត្តមានតារា ប្រុស ស្រី ល្បីឈ្មោះជាច្រើនរូប ។

លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានបញ្ជាក់ដែរថា រឿង«ថតកុន»ជារឿងកំប្លែងសើចហើយនិយាយពីជីវិតផលិតករក្នុងការថតកុនត្រូវជួបបញ្ហាសព្វបែបយ៉ាង ដែលប្រទះជាមួយបរិយាកាសទាំងអស់មានក្នុងវិស័យសិល្បៈ តាំងពីតួសម្តែង មិនគោរពពេលវេលា និងរឿងជាច្រើនទៀត ដែលបានជួបពេលថតកុន។

លោកក៏សំណូមពរសុំឲ្យខាងរដ្ឋាភិបាលពិនិត្យរឿងពន្ធភាពយន្តឡើងវិញ បើអាណិតផលិតករខ្មែរ គួរយកចិត្តទុកដាក់រឿងពន្ធកុំថ្លៃពេកព្រោះលោកពិតជាចង់បន្តស្នាដៃកុនខ្មែរឲ្យកាន់តែទៅមុខមានគុណភាពជាងនេះណាស់។ លោកថា ស្នាដៃដឹកនាំសម្ដែងរបស់តារាកំប្លែងរូបនេះគឺអាចទទួលយកបាន ដោយលោកបានចាត់ទុកថា នាយគ្រឿន ដឹករឿង«ថតកុន» គឺសឹងតែស្មើផលិតករមួយចំនួន ដែលធ្លាប់ផលិតរឿងរហូតដល់១០ឆ្នាំនោះផង។

លោកប្រកាសថា នឹងបន្តឲ្យនាយ គ្រឿន ដឹកនាំការផលិតភាពយន្តរបស់លោកបែបនេះបន្តទៀត ដោយសារតែលោកក៏ចង់បានអ្នកមានមានទេពកោសល្យឲ្យមកជួយនៅក្នុងផលិតកម្មLD កុំឲ្យលោកចេះតែឯងហើយហត់តែឯង។

នាយ គ្រឿន បានបញ្ជាក់ថា នេះជាស្នាដៃទី២ របស់លោកក្នុងផលិតកម្មLD Picture បន្ទាប់ពីរឿង «ជួបស៊យ» ដែលតែងនិពន្ធជូន អិលឌី។ ផលិតកម្ម អិលឌី តែងតែរំលេចនូវស្នាដៃមានគុណភាពល្អ ជូនទស្សនិកជនរាល់រឿងថ្មីៗចេញមកម្តងៗទស្សនិកជនរមែងនាំគ្នាមកទស្សនាជាកម្លាំងចិត្តជានិច្ច។

តារាកំប្លែងរូបនេះ អះអាងទៀតថា ភាពយន្តរឿង «ថតកុន» លោកបានប្រឡូកផ្ទាល់ បើមានពាក្យណាខុសឆ្គង សូមអ្នកទស្សនាមេត្តាអភ័យទោសទុកជាមុន។ លោកបញ្ជាក់ថា ឆ្លងកាត់ការងារថតកុននេះ មិនមែនជារឿងងាយស្រួលនោះទេ ពិបាកខ្លាំងសម្រាប់ផលិតករ។ នាយគ្រឿននិយាយថា មួយរឿងនេះគឺលោកនិពន្ធដោយផ្ទាល់ហើយដោយសារតែលោកយល់ច្បាស់ពីការចង់បាននៅក្នុងផ្ទៃរឿងទើបលោកស្នើសុំដឹកនាំសម្ដែងដោយលោកបញ្ជាក់ថា ការផលិតមួយរឿងនេះបានធ្វើឲ្យលោកកាន់តែមានបទពិសោធន៍ខ្ពស់ក្នុងការនិពន្ធ និងដឹកនាំសម្ដែង។

តារាដែលមានវត្តមានចូលរួមសម្ពោធខ្សែភាពយន្តរឿង «ថតកុន» មាននាយគ្រឿន សារ៉ាយ សក្ខណា ទឹម រដ្ឋា ទេព រិនដារ៉ូ ចាន់ណា រ៉ូណាន ប៊ីរីយ៉ា អ៊ែតវីន សឿន វីតា ប៉ែន ចំរ៉ុង ស្រមោចខ្មៅ គូម៉ា ពាក់មី គៀត សុវណ្ណាឡាង លឹម ជាឡាយ ហេង ស្រីពេជ្រ និងតារាកិត្តិយសជាច្រើនដួងទៀតផងដែ។ យ៉ាងណាស្នាដៃរបស់នាយគ្រឿនបានប្រកាសដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧គ្រប់រោងភាពយន្តនារាជធានីភ្នំពេញ៕ វឌ្ឍនា


ចែករំលែក៖