ព័ត៌មានទាន់ហេតុការណ៍៖

រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត២០ឆ្នាំ មិនមានការដោះស្រាយ ពេលអ្នកសារព័ត៌មានចុះផ្សាយ ទើបអាជ្ញាធរខ្នះខ្នែង ស្ទុះស្ទារនាំគ្នាចុះត្រួតពិនិត្យ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ រឿងបញ្ហាទំនាស់ដីធ្លីអស់រយ:ពេល១៧ឆ្នាំ រវាងប្រជាពលរដ្ឋមួយគ្រួសារ ជាមួយនឹងមន្រ្តីគយម្នាក់ ដែលគេចាត់ទុកថា វាជាបញ្ហាដ៏រ៉ាំរ៉ៃមួយ ដែលរហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរខេត្តស្ទុះស្ទារ នាំគ្នានិងមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ ដើម្បីបន្តធ្វើការដោះស្រាយឆាប់ៗ ក្រោយពីបែកធ្លាយសារព័ត៌ មានចេញផ្សាយកាលពីពេលថ្មីៗ កន្លងទៅនេះ ។ បញ្ហាទំនាស់ដីធ្លីនេះ គឺស្ថិតនៅលើដែនដីតំបន់អភិរក្សរដ្ឋបាលព្រៃឈើប៉ៃលិន ក្នុងចំណោមផ្ទៃដីជាង២០០ហិកតា ។ គេឆ្ងល់ថា តើប្រជាពលរដ្ឋទាំងនេះ បានដីពីក្នុងដែនតំបន់អភរិក្សរដ្ឋបាលព្រៃឈើ ដោយរបៀបណា?

ហេតុការណ៍អាជ្ញាធរខេត្ត ចុះត្រួតពិនិត្យដីធ្លីទំនាស់រ៉ាំរ៉ៃនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅជាប់ជើងភ្នំកែស ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាក់ព័ន្ធ និងភ្នាក់ងារសារព័ត៌មានជាច្រើនស្ថាប័នផងដែរ ។

បើតាមប្រភពព័ត៌មានពីលោក ធូ ភា អភិបាលរងខេត្ត បានឲ្យដឹងថា មិនមែនទាល់តែសារព័ត៌ មានចុះផ្សាយពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីខាងលើ ទើបអាជ្ញាធរស្ទុះស្ទារទៅត្រួតពិនិត្យនោះទេ គឺអាជ្ញាធរបានខិតខំប្រឹងប្រែង ធ្វើការដោះស្រាយអស់រយ:ពេលជាច្រើនឆ្នាំមកហើយ តែមិនទាន់ចប់សព្វគ្រប់ ដោយជំហានដំបូងខាងខេត្តចុះសិក្សាទំហំដីរបស់រដ្ឋបាលព្រៃឈើ ដែលមន្រ្តីគយម្នាក់ ឈ្មោះ យស់ សារ៉ាវុធ បានរំលោភយកនៅត្រង់ផ្នែកមួយ ។ ចំណែកឯផ្នែកមួយទៀត ត្រូវបានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ទេព វ៉ារី បានកាន់កាប់នៅជាប់នឹងជើងភ្នំកែស ដែលជាដីរដ្ឋបាលព្រៃឈើដែរ ដោយយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ។

លោកបញ្ជាក់ទៀតថា លើសពីនេះ ក៏មានប្រជាពលរដ្ឋចំនួន១១គ្រួសារទៀត ដែលបានយកដីរដ្ឋបាលព្រៃឈើធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយខាងរដ្ឋបាលសាលាខេត្ត នឹងសម្រេចថា តើគួរយកដីទាំងនោះមកវិញប៉ុណ្ណា ហើយត្រូវទុកឲ្យប៉ុណ្ណា ។

បើតាមលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន បានឲ្យដឹងថា មុនដំបូងលោកស្រី ទេ ព វ៉ាវី បានទិញដីចំនួន៨ហិកតា នៅលើដីតំបន់អភិរក្សព្រៃឈើជាប់នឹងផ្លូវលំមួយ ហើយក្រោយមកដោ យមានការពាក់ព័ន្ធ ក៏បំបែរទិសដៅចេញពីដីនេះ ដោយទៅយកដីក្បែរជើងភ្នំកេះវិញ ដែលមានទំហំរហូតដល់១៥ហិកតាឯណោះ ហើយក៏ជាដីរបស់រដ្ឋបាលព្រៃឈើដដែល ។ លោកបន្តទៀតថា ក្រោយពីដោះស្រាយ ឬរឹបអូសយកដីទាំងនោះមកវិញរួច ខាងរដ្ឋបាលព្រៃឈើនឹងរៀបចំធ្វើការដាំកូនឈើសារជាថ្មីឡើងវិញ ដើម្បីរក្សាព្រៃឈើតំបន់អភិរក្សឲ្យនៅគង់វង់ឡើងវិញ ។

ចំណែកលោក លឹម ហោ ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយកម្ម បានមានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរមិនទាន់សម្រេចចិត្តថា តើត្រូវធ្វើយ៉ាងណានៅឡើយទេ គឺត្រឹមតែចុះទៅធ្វើការត្រួតពិនិត្យជាមុនសិន ហើយនៅវេលាថ្ងៃស្អែក ខាងខេត្តគួរតែកោះហៅភាគីពាក់ព័ន្ធទាំងអស់ចូលរួមប្រជុំដោះស្រាយ ។

លោកអភិបាលរងខេត្តបន្តទៀតថា បើសិនជាពលរដ្ឋទាំងនោះមានប្លង់កម្មសិទ្ធិ ហើយឈ្នះមែន ក៏ដោយ ពួកគេមិនអាចយកដីទាំងនោះទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានទេ ព្រោះវាជាសម្បត្តិរបស់រដ្ឋ ។ ម្យ៉ាងវិញទៀត ការសម្រេច គឺខាងក្រសួងនឹងធ្វើការពិចារណាបន្តទៀត ចំពោះបញ្ហាដីទំនាស់ដែលកើតឡើងនៅលើដីតំបន់អភរក្សរដ្ឋបាលព្រៃឈើប៉ៃលិន អស់រយ:ពេលជាយូរមកហើយនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋ បានប្តឹងទៅដល់លោក ហ៊ុន សុខា ប្រធានក្លឹបសមាគមអ្នកកាសែតកម្ពុជា ឲ្យចុះទៅថតវីដេ អូឡាយផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃខាងលើ ទើបលេចឮដល់ក្រសួងដែនដី ក៏ចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែងតែម្តង ហើយគេសង្ឃឹមថា នឹងមានដំណោះស្រាយ និងឆាប់ៗ ខាងមុខនេះមិនឲ្យមានការបញ្ហាទំនាស់ដីធ្លីនេះរ៉ាំរ៉ៃតទៅទៀត៕ ស សារ៉េត


ចែករំលែក៖