ព័ត៌មានទាន់ហេតុការណ៍៖

រឿង ព្រាយ ប្រកាសចាក់បញ្ចាំងតែហាមក្មេង និងអ្នកខ្សោយបេះដូងចូលទស្សនា

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភ័យរន្ធត់ថ្មីរបស់ផលិតកម្មបាដិហារ្យភាពយន្ត គឺរឿង ព្រាយ ដែលសម្តែងដោយនាយគ្រឿន និងកញ្ញាសួង ស៊ីធឿន នោះ បានប្រកាសចាក់បញ្ចាំងចាប់ពីថ្ងៃទី១៣ ខែធ្នូ នេះទៅហើយ ។ ការប្រកាសត្រៀមចាក់បញ្ចាំងខ្សែ ភាពយន្តនេះ គឺឆ្លុះបញ្ចាំងពីអបិយជំនឿមួយដែល ដាក់បម្រាមមិនឲ្យកុមារ និងអ្នកមានជំងឺបេះដូងចូលទស្សនាឡើយព្រោះតែជាភាពយន្តភ័យរន្ធត់ខ្លាំង ។

ចំណាយពេលប្រមាណ៦ខែ ក្នុងការចេញផលិត និងចាយដើមទុនជិត៤ម៉ឺនដុល្លារអាមេរិក ផលិតកម្មបាដិហារ្យភាពយន្តបានប្រកាសសម្ពោធចាក់បញ្ចាំងភាពយន្តខាងលើកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នៅរោងភាពយន្តLegend អេដិន ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ផលិតករ សិល្បករជាច្រើនចូលរួម ។

លោក ស៊ុំ ភារិន ចាងហ្វាងផលិតកម្មនិងជាអ្នកដឹកនាំសម្តែងភាពយន្តនេះបានបញ្ជាក់ថា ភាពយន្តនេះគឺជាភាពយន្តទី៥របស់ផលិតកម្ម ហើយជាភាពយន្តបែបភ័យរន្ធតច្រើន និងមានលាយកំប្លែងខ្លះៗផង ។

លោកថាផលិតកម្មបានសម្រិតសម្រាំងផលិតដោយបន្ថែមបច្ចេកទេសថ្មី ជាមួយនឹងសាច់រឿងបែបអបិយជំនឿរបស់ខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ រួមទាំងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរបស់កម្ពុជា បានបង្កើតបានជារឿងមួយដែលភ័យរន្ធត់ រហូតមានការដាក់បម្រាមពីនាយកដ្ឋានភាពយន្ត មិនអនុញ្ញាតឲ្យក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ នឹងមិនឲ្យអ្នកមានជំងឺបេះដូងចូលទស្សនានោះដែរ ដោយអះអាងថាក្នុងរឿង នេះមានឈុតមួយចំនួនបានបង្ហាញពីភាពរន្ធត់ខ្លាំង អាចបណ្ដាលឲ្យអ្នកមានជំងឺបេះដូងមានបញ្ហាក្នុងពេលទស្សនាបាន ។

លោកមិនបារម្ភក្នុងការបាត់បង់ចំនួនអ្នកគាំទ្រទេបើទោះបីជាមានបម្រាមនេះក៏ដោយ ។ លោកថាបើទោះបីជាភាពយន្តកន្លងទៅរបស់ផលិតកម្មលោកត្រូវចាក់ប៉ះជាមួយភាពយន្តលេខ១របស់ហូលីវូដក៏នៅតែទទួលបានអ្នកចូលទស្សនាបានច្រើនបញ្ជាក់ថាមានអ្នកគាំទ្រភាពយន្តខ្មែរ និងស្នាដៃរបស់ផលិតកម្មលោក ហើយរឿងនេះលោកជឿជាក់ថានឹងទទួលបានជោគជ័យច្រើនដែលអាចទាក់ទាញអ្នកគាំទ្រច្រើនចូលរួមទស្សនា ។ លោកថាផលិតកម្មរបស់លោកក៏បាននឹងកំពុងផលិតភាពយន្តថ្មីៗបន្ថែមទៀត ហើយសម្រាប់ឆ្នាំក្រោយលោកក៏នឹងបន្តផលិតភាពយន្តថ្មីដែលចាយទុនយ៉ាងច្រើនផងដែរ ។

គួរបញ្ជាក់ដែរថាភាពយន្តរឿង ព្រាយ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ ។ ភាពយន្តនេះមានមាការចូលរួមសម្តែងពីសិល្បរជាច្រើនដូចជានាយគ្រឿន កញ្ញា សួង ស៊ីធឿន កញ្ញា ហេង ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបទៀត ៕ វឌ្ឍនា


ចែករំលែក៖