ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រណាំងទូកបណ្តោះអាសន្ន ពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង”

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ប្រណាំងជ្រើសរើសជើងឯកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកៃយ៉ាក់ដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង” លើកទី ៤នៅខេត្តកណ្តាលរៀបចំដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាសហការជា មួយមន្ទីរអប់រំយុវជន និងកីឡាខេត្តមាន លទ្ធផលបណ្តោះអាសន្នខ្លះៗហើយ ដូច ជាទូកប្រពៃណីខ្នាតអន្តរជាតិជាដើម។

តាមការឲ្យដឹងពីអ្នកស្រីប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាកីឡាទូក កានូ និងរ៉ូវីងកម្ពុជាបានឲ្យដឹងថា សម្រាប់លទ្ធផលប្រណាំងទូកខ្នាតអន្តរជាតិកាលពីល្ងាចថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧ វិញ្ញាសាប្រណាំងចម្ងាយ៨០០ម៉ែត្រផ្នែកនារី ​ ចំណាត់ថ្នាក់លេខ១ទូកឈ្មោះ៧មករាចិត្តតែមួយ ខេត្តកណ្តាលទទួលបានមេដាយ មាស, ចំណាត់ថ្នាក់លេខ២ទូកពោធិ៍មានជ័យបារមីតេជោខេត្តកណ្តាលទទួលបានមេដាយប្រាក់ និងទូកពញាឮតេជះសែន ជ័យមេដាយសំរឹទ្ធិ ។ វិញ្ញាសាប្រណាំង ចម្ងាយ៨០០ម៉ែត្រនារីចម្រុះ ទូកឈ្មោះ មហាសេនាចក្រីខេត្តកំពង់ស្ពឺទទួលបានមេដាយមាស ទូកឈ្មោះ៧មករាចិត្តតែមួយខេត្តកណ្តាលទទួលបានមេដាយប្រាក់, ទូកឈ្មោះពោធិ៍មានជ័យបារមីតេជោ ខេត្តកណ្តាលទទួលបានមេដាយសំរឹទ្ធិ និងទូកឈ្មោះពញាឮតេជះសែនជ័យទទួលបានមេដាយសំរឹទ្ធិស្ទួន ។

ដោយឡែកវិញ្ញាសាប្រណាំងចម្ងាយ ៨០០ម៉ែត្រផ្នែកបុរសទូកឈ្មោះធ្នូសររាជសីហ៍ក្រសួងមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ១មេដាយមាស, ទូកឈ្មោះពេជ្រ កុមារសែនជ័យ របស់ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ទទួលបានមេដាយប្រាក់ទូកឈ្មោះ ពោធិ៍មង្គលសែនជ័យ របស់ខេត្តកណ្តាល និងទូកព្រែករាំងច័ន្ទហេងតេជោសែនជ័យទទួលបានមេដាយសំរឹទ្ធិ និងមេដាយសំរឹទ្ធិស្ទួន ។ វិញ្ញាសា ប្រណាំងចម្ងាយ៥០០ម៉ែត្រប្រភេទទូកកាយ៉ាក់ចំណាត់ថ្នាក់លេខ១បានទៅលើ កីឡាករ សែម មករា មកពីខេត្តកណ្តាល ទទួលបានមេដាយមាស១គ្រឿង, កីឡាករ ហៀត មកពីក្រសួងមហាផ្ទៃទទួលបាន មេដាយប្រាក់១គ្រឿង, កីឡាករ លាភ ហេង មកពីខេត្តបាត់ដំបង និងកីឡាករ សែម បញ្ញា មកពីខេត្តកណ្តាលទទួលបានមេដាយសំរឹទ្ធិម្នាក់មួយ ។

លោកស្រីអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៧លោកស្រីនឹងបន្តផ្តល់លទ្ធផលនៃការប្រណាំងទូកប្រពៃណីអន្តរជាតិដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០១៧នេះទៀត។ វិញ្ញាសា ប្រណាំងទូកផ្នែកកានូ C1 ប្រកួតចម្ងាយ ២០០ម៉ែត្រចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅលើកីឡាករសូ ធឿន មកពីបាត់ដំបង។ចំណាក់ថ្នាក់លេខ២មេដាយប្រាក់បានទៅលើកីឡាករ ព្រឿង សុខា ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣មេដាយសំរឹទ្ធិបានទៅកីឡាករ ហ៊ល លីដា ក្រសួងមហាផ្ទៃ ៕ សារីម


ចែករំលែក៖