ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ថង់ប្លាស្ទីកនៅតាមហាងនិងផ្សារទំនើបក្រសួងបរិស្ថានតម្រូវឲ្យគិតលុយ

ចែករំលែក៖

កាលពីម្ងៃ៉ណោះនាងខ្ញុំនិងស្វាមីបាននាំគ្នាចូលផ្សារទំនើបឡាក់គីនៅម្តុំខណ្ឌទួល គោកដើម្បីទិញសម្ភារប្រើប្រាស់។ នៅពេលដែលនាងខ្ញុំទិញរួចក៏បានឲ្យបុគ្គលិកផ្សារទំនើបឡាក់គីគិតលុយក្រោយពេលគិតលុយរួចហើយនោះបុគ្គលិកផ្សារទំនើបឡាក់គីក៏ហៀបនឹងយកថង់ប្លាស្ទីកមកច្រកដាក់សម្ភាររបស់នាងខ្ញុំដោយនិយាយថា ថង់នេះ១ ថ្លៃ៤០០រៀល។ ពេលនោះនាងខ្ញុំសួរថា ហេតុអ្វីក៏ថង់គិតលុយដែរបុគ្គលិកផ្សារទំនើបបានតបថា ក្រសួងបរិស្ថានតម្រូវឲ្យលក់ដូរយ៉ាងដូច្នេះ ។

គ្រានោះនាងខ្ញុំងក់ក្បាលគាំទ្រនូវការលើកឡើងរបស់បុគ្គលិកផ្សារទំនើបឡាក់គី ប៉ុន្តែខ្ញុំមិនបានឲ្យបុគ្គលិកនោះយកថង់ប្លាស្ទីកដើម្បីច្រកសម្ភារនោះឡើយ។ ប្រការនេះមិនមែនខ្ញុំស្តាយលុយ៤០០រៀលនោះទេ ក៏ប៉ុន្តែខ្ញុំចង់ចូលរួមអនុវត្តគោល ការណ៍របស់ក្រសួងបរិស្ថានទៅវិញទេ។ ដ្បិតនាងខ្ញុំក៏ធ្លាប់ចេញដំណើរទៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេសីុ ជាពិសេសប្រទេសម៉ាឡេសីុសម្រាប់ថង់ប្លាស្ទីក១ថ្លៃ១ ដុល្លារឯណោះ ។

ចំណែកនៅប្រទេសយើងវិញពីមុនមកថង់ប្លាស្ទីកនៅតាមហាងទំនើបគេមិនដែលគិតលុយកាក់នោះទេ ពោលគឺគិតថ្លៃតែសម្ភាររបស់របរប្រើប្រាស់ម្ហូបអាហារប៉ុណ្ណោះ។ ដោយសារតែស្រុកយើងជាប្រទេសដែលទើបតែវិវឌ្ឍន៍ពីប្រទេសតតិយលោកមកជា ប្រទេសកំពុងអភិវឌ្ឍន៍ ម្លេ៉ាះហើយកម្ពុជាជាទីផ្សារនាំចូលយ៉ាងគំហុកនូវផលិតផល ថង់ប្លាស្ទីក ហើយប្រជាពលរដ្ឋខ្មែរក៏និយមប្រើប្រាស់ទូទាំងផ្ទៃប្រទេសដោយសារវា ងាយស្រួលច្រកកាន់យួរជាដើម។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងភ្លេចគិតថាថង់ប្លាស្ទីក

នាំឲ្យប៉ះពាល់ដល់បរិស្ថានក្នុងការរស់នៅ និងខូចដល់ស្រទាប់ដីទៀតផង ជាពិសេសថង់ប្លាស្ទីកពណ៌ខ្មៅប្រឈមនឹងគ្រោះថ្នាក់ជាងបណ្តាថង់ផ្សេងៗទៀត ។

ដោយសារក្រសួង ស្ថាប័នមួយចំនួនបណ្តោយឲ្យផលិតផលថង់ប្លាស្ទីកហូរចូល ហើយលក់ក្នុងតម្លៃថោកទៀតនោះវាកាន់តែធ្វើឲ្យប្រទេសយើងសម្បូរទៅដោយសំរាម ដែលភាគច្រើនជាថង់ប្លាស្ទីកទាំងនៅទីក្រុង ទីប្រជុំជន និងស្រុកស្រែចម្ការ។ ថង់ប្លាស្ទីក នេះក៏ជាសំរាមបង្កឲ្យស្ទះលូ ស្ទះចរន្តទឹកហូរនៅពេលភ្លៀងម្តងៗ ជាពិសេសនៅរដូវ វស្សា។ នាងខ្ញុំនៅតែសង្កេតឃើញថា សំរាមភាគច្រើននៅទីក្រុងភ្នំពេញគ្របដណ្តប់ទៅដោយសារធាតុប្លាស្ទីកដែលបំពុលបរិស្ថាន និងសោភណភាពទីក្រុងក៏ដូចជាទីប្រជុំ នានាឲ្យស្រអាប់បាត់បង់សម្រស់។ ដូច្នេះនាងខ្ញុំគាំទ្រនូវគោលការណ៍របស់ក្រសួង បរិស្ថានដែលអនុញ្ញាតឲ្យហាងទំនើប ផ្សារទំនើបនានាលក់ថង់ប្លាស្ទីកតែគួរលក់ឲ្យថ្លៃជាងនេះបន្តិចទៀតដើម្បីផ្លាស់ប្តូរផ្នត់គំនិតទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋខ្មែរដែល ធ្លាប់តែប្រើប្រាស់ថង់ប្លាស្ទីកឥតសំចៃ ងាកមកប្រើក្នុងរូបភាពរិះថាំដើម្បីកាត់បន្ថយនូវបរិមាណពីច្រើនមកតិចវិញ ។

ប្រការនេះយើងជាពលរដ្ឋក៏បានចូលរួមអភិវឌ្ឍន៍សង្គម ការពារបរិស្ថាននៃការរស់ នៅតាមរយៈការមិនប្រើថង់ប្លាស្ទីក ឬប្រើដែរតែក្នុងកម្រិតតិចតួចបំផុត។​ ម្យ៉ាងទៀត អាជីវករនៅតាមទីផ្សារគួរគិតគូរប្រើប្រាស់ការវេចខ្ចប់តាមបែបបុរាណរបស់យើងឲ្យ បានច្រើនគឺការវេចខ្ចប់ដោយប្រើស្លឹកចេក និងស្លឹកឈូក​ដែលមិនប៉ះពាល់បរិស្ថាន និងស្រទាប់ដីទៀតផង។ ទោះបីយ៉ាងណាក៏ដោយនាងខ្ញុំមិនបដិសេធទាំងស្រុងថា មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ថង់ប្លាស្ទីកនោះទេ ពោលគឺយើងប្រើប្រាស់ថង់ប្លាស្ទីកក្នុង បរិមាណតិចតួចក្នុងកម្រិតសមស្របណាមួយដើម្បីឲ្យប្រជាពលរដ្ឋយើងកាត់បន្ថយពី របៀបប្រើប្រាស់ខ្ជះខ្ជាយងាកមកប្រើប្រាស់បែបរិះថាំវិញទើបជាការប្រសើរ ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖