ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ កំពុងលាងជម្រះខ្លួនពីឧបាយកលទុច្ចរិត អនុវត្តផែនការបំផ្លាញការបោះឆ្នោត

ចែករំលែក៖

ក្រោយពីផែនការសម្ងាត់នៃការបំផ្លាញការបោះឆ្នោតត្រូវបានបែកធ្លាយទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ដែលប្រភព ព័ត៌មានបានឱ្យដឹងថាបានជួបប្រជុំជាសម្ងាត់ជាមួយយុវជន ១២ រូបដែលគេហៅថាតារាហ្វេសប៊ុកខ្មោចបក្ស សង្គ្រោះជាតិនោះ បានចេញមកលាងជម្រះខ្លួនពីផែនការសម្ងាត់ ឧបាយកល ទុច្ចរិតនេះព្រោះទំនងមកពី ទ្រង់ទើបតែដឹងខ្លួនថាអំណាច សាលដីកាតុលាការកំពូលហាមឃាត់សិទ្ធិទ្រង់ធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ក្នុងចំណោមសមាជិក ១១៨ នាក់ របស់គណបក្សសាងគ្រោះជាតិ ដែលត្រូវបានរកឃើញថាឃុបឃិតជាមួយ បរទេសធ្វើបដិវត្តន៍ពណ៌។ ម្យ៉ាងទៀត កាលដែលទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ខំប្រឹងការពារខ្លួននេះព្រោះតែដឹងថា ប្រសិនបើភស្តុតាងត្រូវបានរកឃើញបន្ថែមទៀត ទ្រង់អាចនឹងវណ្ឌកនឹងច្បាប់ព្រោះបានរំលោភបំពានលើ សាលដីការបស់តុលាការ ។

ប៉ុន្តែការព្យាយាមលាងជម្រះខ្លួន និងគេចវេសធ្វើជាមិនដឹងពីផែនការសម្ងាត់របស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គ្មានប្រសិទ្ធភាពឡើយព្រោះទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានភូតកុហកសាធារណជន និងធ្វើពើមិនដឹងអីប្រែក្លាយ ខ្លួនពីអ្នកបំពានសាលាដីកាស្ថាពរមកធ្វើជាជនរងគ្រោះ និងទាញចូលជារឿងនយោបាយ។ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អាចកុហកខ្លួនឯងបាន ប៉ុន្តែមិនអាចកុហក បោកប្រាស់ និងបំភ្លៃសាធារណជនបានដូចដែលក្រុមខ្លួនតែងតែ ភូតកុហកប្រជារាស្ត្រ ដូចពីមុនទេ ព្រោះអ្វីដែលទ្រង់ ធម្មិកោ មានបន្ទូលឆ្លើយឆ្លងជាមួយអ្នកកាសែត និងការ ប៉ុស្តិ៍នៅលើហ្វេសប៊ុក គឺបានបង្ហាញថាទ្រង់វង្វេងសារ និងវង្វេងគោលជំហររបស់ខ្លួនមិនដឹងថាទ្រង់មានបន្ទូល អ្វីខ្លះ ។

នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី៤ ខែកក្កដា ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានទទួលស្គាល់ថា មានការជួបជុំគ្នា ប៉ុន្តែគឺជួបជាមួយជាមួយគូស្វាមីពីរគូដែលទើបរៀបការហើយទ្រង់មិនបានចូលរួម។ ប៉ុន្មាន ម៉ោងក្រោយមក ហ្វេសប៊ុកឈ្មោះ ស៊ីសុវត្ថិ ធម្មិកោ បានប៉ុស្តិ៍រូបមួយជាមួយចំណងជើងថា «ដើម្បីកុំឱ្យហ្វ្រេសញ៉ូវ មួលបង្កាច់ មុនជប់លៀងមនុស្សលើសពី ៥នាក់ យើងត្រូវដាក់ពាក្យសុំច្បាប់»។ រវាងសារទាំងពីរនេះ គឺមាន ភាពផ្ទុយគ្នា ព្រោះនៅក្នុងរូបនេះមិនបានបង្ហាញពីយុវជនដែលជាគូស្វាមីភរិយាឡើយ ហើយក៏មិនបានបញ្ជាក់ ថាជំនួបក្នុងរូបនេះធ្វើនៅទីណាដែរ។ នេះ គឺជាការភូតកុហកទាំងស្រុងរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ តែប៉ុណ្ណោះ ដើម្បីដោះខ្លួនចេញពីផែនការបំផ្លាញការបោះឆ្នោត និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមផែនការ របស់មេចលនាឧទ្ទាមខុសច្បាប់ និងចៅហ្វាយនាយរបស់ខ្លួន ។

តាមប្រភពព័ត៌មានរបស់យុវជន ម្នាក់ក្នុងចំណោម ១២ នាក់ ដែលបានជួបទ្រង់ធម្មិកោ គឺទ្រង់ ស៊ីសុវត្ថិ ធម្មិកោ កាលពីប៉ុន្មានថ្ងៃមុនបានកោះប្រមូលក្រុមតារាហ្វេសប៊ុករបស់ខ្មោចបក្សសង្គ្រោះជាតិចំនួន ១២ នាក់ មកប្រជុំ ដាក់ផែនការពេលឃោសនាបោះឆ្នោតនៅផ្ទះរបស់ឈ្មោះ សាង សាន អតីតសមាជិកខ្មោចបក្ស សង្គ្រោះជាតិនៅក្រោយវត្តមហាមន្ត្រី។ ក្នុងពេលនោះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានឱ្យក្រុមយុវជនស្រាវជ្រាវយក ឯកសារឃោសនាបោះឆ្នោតឆ្នាំ ២០១៣ មកបង្ហោះចែកតៗគ្នាឱ្យបានច្រើន ដើម្បីប្រឆាំងនឹងការបោះឆ្នោត ។ ដូច្នេះអ្វីដែលទ្រង់ ធម្មិកា ចេញមកដោះសារនេះ គឺគ្រាន់តែជាការភូតកុហក និងរលាស់ខ្លួនចេញពីផែនការ បំផ្លាញការបោះឆ្នោត និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ៕ ពល ពានរិន្ទ

 


ចែករំលែក៖