ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងភាគខ្មែរ ចង់ជិះសេះលែងដៃ

ចែករំលែក៖

ប៉ុន្មានថ្ងៃនេះ ខ្ញុំបាទបានឮការជជែកគ្នានៅក្នុងចំណោមអ្នកផលិតខ្សែភាពយន្តភាគខ្មែរ និងមន្ត្រីជំនាញនៅតាមក្រសួងនានា ជាពិសេសក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ។ គេជជែកគ្នាថា រឿងភាគភាពយន្តខ្មែរ មិនចាំបាច់មានការត្រួតពិនិត្យពីក្រសួងវប្បធម៌ទេ ។ ក្រសួងវប្បធម៌ទាមទារពិនិត្យមុនចាក់ផ្សាយរឿង ។ រីឯក្រសួង ព័ត៌មានថា មិនបាច់ពិនិត្យអ្វីទេ! ។

សម្រាប់ខ្ញុំបាទ ក្នុងនាមប្រជាពលរដ្ឋម្នាក់យល់ស្របទៅតាមការលើកឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចៀសវាងការផលិតភាពយន្តដែលចំណាយទុនអស់ច្រើនហើយ បែរជាខុសឆ្គងដោយប្រការណាមួយ ។ ដូច្នេះ ការពិនិត្យពិច័យមុនផលិតខ្សែភាពយន្ត ឬមុនចាក់ផ្សាយ គឺជាការចាំបាច់ ដើម្បីកុំឲ្យខុសឆ្គង ។ ប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយ ដោយមិនបានត្រួតពិនិត្យជាមុន គឺជារឿងសោកស្តាយ ។

ជាក់ស្តែង ឆ្លងតាមការឈុតផ្សព្វផ្សាយនៅលើបណ្តាញ YouTube រឿងទុំទាវ ដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ PNN ត្រូវបានផលិតករ ឬក្រុមអ្នកផលិតខ្សែភាពយន្តភាគ អាប់ដេត (update) ឲ្យទៅជារឿង «ភក្តីស្នេហ៍ទ្វេភព» ដែលប្រការនេះ ខ្ញុំបាទយល់ថា វាជារឿងខុសឆ្គងមួយ មិនគួរយកស្នាដៃ ដ៏ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរមកកែច្នៃយ៉ាងនេះទេ ។ ខ្ញុំបាទមិនការពារគំនិតខ្លួនឯងនោះទេ ប្រសិនបើ ក្រសួងជំនាញយល់ថា ការ«អាប់ដេត» បែបនេះ គឺជារឿងត្រឹមត្រូវនោះ ។ ប៉ុន្តែសម្រាប់ខ្ញុំបាទ យល់ឃើញថា វាជាការធ្វើអត្តឃាតលើស្នាដៃបុព្វបុរសខ្មែរ ។

ទំនងជាយល់ឃើញដូចខ្ញុំបាទនេះហើយ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាមទារឲ្យមានការត្រួតពិនិត្យរឿងភាគខ្មែរ មុននឹងផលិត ឬក៏ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ។ វាជាការទាមទារដើម្បីទាំងអស់គ្នា ។ ទាំងផលិតករ ទាំងការទទួលខុសត្រូវរបស់ក្រសួងជំនាញដើម្បីកុំឲ្យការផលិតចំណាយលុយចោលទទេ ទីបំផុតត្រូវហាមឃាត់បញ្ចាំងតាមទូរទស្សន៍ ។ នេះជាគំនិតស្តួចស្តើងរបស់ខ្ញុំបាទ ដែលយល់ថា ការត្រួតពិនិត្យភាពយន្តខ្មែរមុនផលិត ឬមុនផ្សាយ គឺជារឿងត្រឹមត្រូវ ។ ខ្លាចវា អាប់ដេត ខ្លាំងពេក ដែលរឿងទុំទាវគេទទួលស្គាល់ជាប្រវត្តិសាស្ត្ររបស់ខ្មែរទៅហើយនោះ បែរជាយកទៅអាប់ដេត គួរឲ្យខ្មាស់អៀនទៅវិញនោះ ។ នេះមិនមែនអ្នកស្រែចម្ការមកបំផ្លាញវប្បធម៌ កេរ្តិ៍ដំណែលទេ គឺអ្នកដែលអះអាងថា ស្នេហាអក្សរសិល្ប៍ អក្សរសាស្ត្រនេះឯង ដែលជាអ្នកបំផ្លាញវប្បធម៌ជាតិ ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖