ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ស្ថាប័នសាធារណៈរបស់រដ្ឋ គួរជាគំរូរឿងសណ្តាប់ធ្នាប់

ចែករំលែក៖

បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ កំពុងចោទជាបញ្ហាយ៉ាងសំខាន់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃ ។ នៅជុំវិញអគារស្ថាប័នរដ្ឋនានា បានក្លាយទៅជាចំណុចចាប់ផ្តើម ឬជាគំរូអាក្រក់ក្នុងបញ្ហាសណ្តាប់ធ្នាប់នេះហើយ ។ បើតាមការគិត និងយល់ឃើញរបស់នាងខ្ញុំ ដើម្បីដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញនេះបានមួយចំណែកនោះ គឺទីតាំងស្ថាប័នសាធារណៈរបស់រដ្ឋគួរជាគំរូមុនគេ ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ។

នាងខ្ញុំមើលឃើញថា ក្រៅពីហាងគុយទាវ ហាងទំនិញរបស់ឈ្មួញឯកជន យកចំណែកចំណែកចិញ្ចើមផ្លូវធ្វើជាចំណតនោះ ស្ថាប័នសាធារណៈរបស់រដ្ឋមួយចំនួនក៏បានយកចិញ្ចើមផ្លូវធ្វើជាចំណតដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរ ។ ជាក់ស្តែង ចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកាល់ម៉ែត(ក្រុងភ្នំពេញ) កំពុងក្លាយជាចំណតកើបយកប្រាក់មួយថ្ងៃៗរាប់សិបលានរៀល ដោយមិនខ្វល់អំពីបញ្ហាសណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍អ្វីនោះឡើយ ។ នៅទីនេះ ចំណតម៉ូតូ រថយន្ត ដាក់លើចិញ្ចើមផ្លូវ២ជួរ ដែលអ្នកថ្មើរជើងរកកន្លែងដើរមិនបាននោះឡើយ ។ អ្វីដែលហួសពីនេះទៀតនោះ ស្ថាប័នសាធារណៈរបស់រដ្ឋមួយនេះ មិនទាំងគោរពនូវការកំណត់តម្លៃភាស៊ីថែមទៀតផង ។ ផ្ញើម៉ូតូនៅលើចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកាល់ម៉ែតត្រូវចំណាយប្រាក់១ពាន់រៀល ។

ទីនេះ ក៏ដូចជាទីកន្លែងផ្សេងទៀតរបស់រដ្ឋ គួរក្លាយជាទីតាំងគំរូក្នុងបញ្ហាសណ្តាប់ធ្នាប់នៅទីក្រុង ។ ប្រសិនបើស្ថាប័ន រដ្ឋ មិនមែជាកន្លែងគំរូ តើឲ្យពួកថៅកែហាងគុយទាវ, ហាងទំនិញផ្សេងៗ អាចរកចំណតសម្រាប់ខ្លួនឯងយ៉ាងដូចម្តេចទៅ? ករណីនេះ តាមនាងខ្ញុំយល់ថា អាជ្ញាធររាជធានីភ្នំពេញ គួរតែចាត់វិធានការអប់រំណែនាំឆ្លុះកញ្ចក់មុនគេចំពោះអគារស្ថាប័នរដ្ឋ ដែលកំពុងតែយកចិញ្ចើមផ្លូវរកស៊ីធ្វើជាផលប្រយោជន៍របស់ខ្លួន ដោយមិនគិតអំពីបញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាចរាចរណ៍នោះ ។

ដោះស្រាយបញ្ហានេះមុនគេ នោះនឹងអាចធ្វើឲ្យឈ្មួញឯកជនងាកមកអនុវត្តតាម ។ បញ្ហាចិញ្ចើមផ្លូវ ឬរបងមន្ទីរពេទ្យ ក្លាយជាកន្លែងរកស៊ីបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់នេះ មិនមែនមានតែរបងមន្ទីរពេទ្យកាល់ម៉ែតនោះឡើយ, នៅជុំវិញមន្ទីរពេទ្យកុមារជាតិ ក៏ក្លាយជាចំណតប្រចាំថ្ងៃរបស់អគារក្រុមហ៊ុននៅក្បែរៗនោះដែរ ។ នៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ក៏ដូចគ្នានេះដែរ ។ នាងខ្ញុំឆ្ងល់ថា ហេតុអ្វីអាជ្ញាធរមើលមិនឃើញអំពីបញ្ហានេះ ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖