ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ស្រាបៀរកម្ពុជាទាក់ទាញកុមារកម្ពុជាគួរឲ្យមោទនភាព

ចែករំលែក៖

រូបភាពដែលបានចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញឲ្យឃើញកុមារកម្ពុជា អាយុប្រហែល១០ឆ្នាំនាំគ្នាកាន់កំប៉ុងស្រាបៀរកម្ពុជានៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំកាលពីថ្មី២នេះ។ រូបភាពនេះបង្ហាញអំពីមោទនភាពរបស់ស្រាបៀរកម្ពុជា ដែលបានប្រយុទ្ធយ៉ាងប្តូរផ្តាច់ក្នុងការពង្វក់ស្មារតីប្រជាពលរដ្ឋកម្ពុជាឲ្យទទួលទានស្រាបៀរកម្ពុជា ជាពិសេសគឺការចាប់ផ្តើមបង្វឹកក្មេងៗឲ្យចេះទទួលទានស្រាបៀរតាំងពីនៅតូច។ នេះជាអ្វីដែលជាគោលការណ៍របស់ស្រាបៀរកម្ពុជា ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំបាទ ក៏មានមោទនភាពជាមួយស្រាបៀរកម្ពុជា ដែលមានសមត្ថភាពខ្ពស់ទាក់ទាញបានសូម្បីតែក្មេងតួចៗ ក៏អាចកាន់កំប៉ុងស្រាបៀរកម្ពុជាជល់គ្នាផឹកយ៉ាងសប្បាយរីករាយនោះដែរ។ វាពិតជាមោទនភាពណាស់ ដែលស្រាបៀរកម្ពុជា អាចចូលរួមចំណែកបង្កភាពសប្បាយរីករាយមិនត្រឹមតែមនុស្សចាស់នៅកម្ពុជាប៉ុណ្ណោះទេ សូម្បីតែក្មេងៗក៏ស្រាបៀរកម្ពុជាបង្កលក្ខណៈឲ្យសប្បាយរីករាយហួសពីការស្មានដែរ។ នេះជាអ្វីដែលជាមោទនភាពស្រាបៀរកម្ពុជាស្របតាមទិសស្លោករបស់ស្រាបៀរនេះ។

ដោយមិនគិតពីអនាគតរបស់ក្មេងខ្មែរ ក្រុមហ៊ុនស្រាបៀរកម្ពុជាបាននិងកំពុងបង្ហាញឲ្យមនុស្សខ្មែរវក់វីចាប់ពីកើតរហូតដល់ស្លាប់។ វក់វីជាមួយនឹងមោទនភាពនៃការកាន់កំប៉ុងស្រាបៀរកម្ពុជាតាំងពីនៅក្មេង ដោយមិនគិតអំពីការសិក្សារៀនសូត្រ និងសុខភាពរបស់ក្មេងទាំងនោះ។ និយាយរួមទៅ ក្នុងនាមប្រជាពលរដ្ឋម្នាក់មើលឃើញថា វាពិតជាមោទនភាពតាមគោលការណ៍របស់ស្រាបៀរកម្ពុជានោះមែន ដែលអាចពង្វក់ស្មារតីក្មេងខ្មែរបានយ៉ាងនេះ។ បណ្តាជនខ្មែរគ្រប់រូប គួរតែស្រែកតាមទិសស្លោករបស់ស្រាបៀរកម្ពុជា«ស្រាបៀរកម្ពុជា មោទនភាពកម្ពុជា» មោទនភាព ដែលអាចឲ្យកូនខ្មែរក្មេងៗកាន់កំប៉ុងស្រាបៀរ ដែលនេះគឺជាជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖