ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបាន វាគ្រាន់ ពេលគេទាន់ ត្រូវក្រែល

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានទុកម៉ូតូរបស់ខ្លួនម៉ាកស៊ុយស៊ុយគីនិច ពណ៌ផ្កាឈូក នៅសួនច្បារ មុខវត្តបុទុមតី រួចទៅអង្គុយលេងជាមួយមិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ មិនបានសម្រេចហើយត្រូវបងប្អូនប្រជាពលរដ្ឋឃើញទាន់ និងចាប់វាយស្ទើរស្លាប់ស្ទើររស់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិនៅចំណុចម្តុំផ្សារទំនើប ផេនសល់ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះមានឈ្មោះឌីណា ខាន់កង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៦៥៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យគាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីនិច ពណ៌ផ្កាឈូក លាយសពាក់ស្លាកលេខ ភ្នំពេញ 1GL2386 ជិះម៉ូតូមកពីផ្ទះរួចមកអង្គុយលេងជាមួយមិត្តភក្តិនៅឯសួនច្បារវត្តបុទុមតី ខណៈជិះមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះក៏បានទុកម៉ូតូចោលនៅមុខសួនបានមួយភ្លែត ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មានឈ្មោះចាន់ វិច្ឆកា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ១ ផ្លូវ៣១០ សង្កាត់បឹងកេង១ ខណ្ឌចំការមន បានធ្វើសកម្មភាព លួចកាច់កម៉ូតូបម្រុងនឹងជិះរត់ទៅហើយ ប៉ុន្តែសំណាងអាក្រក់ សោម៉ូតូបាក់ពាក់កណ្តាល ហើយជនរងគ្រោះក្រឡេកមកឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏ស្រែកថា ចោរៗទើបជនសង្ស័យរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋចាប់បានស្វាគមន៍មួយដៃមួយជើង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ដឹកយកទៅប៉ុស្តិ៍ដើម្បីសួរនាំរួចជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ក៏បានប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ រីឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖