ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយ ជិះរត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយ រត់មិនរួច ត្រូវបានម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើល ដល់ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ជូននគរបាល ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃ​អង្គារ ៣កើត ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ អិន មករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ដាង វុត្ថា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1FB-5059 នៅខាងមុខបន្ទប់ជួលដោយភ្លេចដកសោចេញពីម៉ូតូហើយចូលទៅក្នុងបន្ទប់បាត់ ។ ក្រោយមកស្រាប់តែជនសង្ស័យម្នាក់ឃើញឱកាសល្អក៏បានធ្វើសកម្មភាពលួចយកម៉ូតូបញ្ឆេះជិះចេញទៅ ប៉ុន្តែបានចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះត្រូវបានម្ចាស់ឃើញទាន់ស្រែឆោរឡោបង្កឲ្យមានការភ្ញាក់ផ្អើលទើបប្រជាពលរដ្ឋជួយដេញតាមចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១នាំទៅសាកសួរនិងចាត់ការតាមច្បាប់។ សូមបញ្ជាក់ថាជនសង្ស័យទើបតែចេញពីមណ្ឌលកែប្រែរយះពេល២ខែប៉ុណ្ណោះ ៕ សុខាសែនជ័យ


ចែករំលែក៖