ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូសង់កូរេ៉បានសម្រេច យកទៅផ្ញើត្រូវម្ចាស់តាមទាន់ចាប់ដាក់គុក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូសង់កូរេ៉បានសម្រេច យកទៅផ្ញើត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឬស្សីកែវចាត់ការតាមច្បាប់ ។

ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត ឈានចូលថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៨ នៅកន្លែងផ្ញើរម៉ូតូក្រុម១ ភូមិទួលសង្កែក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះ ឯល សុផាហៅឆាង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរទីលំបច្ចុប្បន្នផ្ទះលេខ០៥០ ផ្លូវ៩៣ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួល សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ កាក់ ទិត្យ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ផ្លូវលំក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវមុខរបរកម្មករដឹកធុងហ្គាស់។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកសង់កូរេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FP3145 បច្ចុប្បន្នម៉ូតូខាងលើប្រគល់ឲ្យជនរងគ្រោះ។

យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង៧និង៣៩នាទីយប់ ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ជនរងគ្រោះបានដាក់ម៉ូតូរបស់ខ្លួននៅក្នុងរបងផ្ទះជួលដូចសព្វដងមិនបានចាក់សោកម៉ូតូទេ រួចបានចូលទៅដេកបាត់ ។ លុះម៉ោងប្រហែល១០និង៣០ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រោកឈឺនោមមិនឃើញម៉ូតូ ក៏ផ្អើលឆោឡោបាត់ម៉ូតូតែម្តង ។

បន្ទាប់មកជនរងគ្រោះ និងកម្មករនៅជាមួយគ្នា បាននាំគ្នាដើររកម៉ូតូ តាមកន្លែងផ្ញើម៉ូតូ បានឃើញម៉ូតូរបស់ខ្លួន នៅកន្លែងម៉ូតូម្តុំប្រឡាយលូទឹកស្អុយ ក្នុងសង្កាត់ទួលសង្កែពេលនោះ ជនរងគ្រោះបានជួបជាមួយអ្នកទទួលផ្ញើម៉ូតូ ហើយអ្នកទទួលផ្ញើម៉ូតូ បាននិយាយប្រាប់ជនរងគ្រោះថាមានគេយកម៉ូតូមកផ្ញើនិងគាត់មែន បើបងឯងថាម៉ូតូរបស់បងឯង ចាំពេលគេមកយក ខ្ញុំទូរស័ព្ទហៅជនរងគ្រោះមកមើល ។ លុះនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ទើបជនសង្ស័យឈ្មោះឯល សុផាហៅឆាង បានមកយកម៉ូតូ រួចអ្នកទទួលផ្ញើម៉ូតូ បានទូរស័ព្ទហៅជនរងគ្រោះ ឲ្យមកមើលភ្លាមៗនោះជនរងគ្រោះ បាននាំគ្នាទៅដល់កន្លែងផ្ញើម៉ូតូ បានឃើញជនសង្ស័យ ក៏ឃាត់ខ្លួនជនសង្ស័យ ទើបកកម្លាំងល្បាត សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យ និងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចម៉ូតូខាងលើប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ បញ្ជូនបន្តទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖