ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតួឌ្រីមសង់ ទុកម៉ូតូអាសង់កូរ៉េឲ្យវិញ ចំម៉ូតូដែលលួចពីគេទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានចូលការដ្ឋានសំណង់ធ្វើសកម្មភាពលួចយកម៉ូតូឌ្រីម សង់ស៊េរី២០១០ ពណ៌ខ្មៅមួយគ្រឿង បានសម្រេច រួចបន្សល់ទុកម៉ូតូសង់កូរ៉េ ដែលជិះមកនោះធ្វើសកម្មភាពនោះ មួយគ្រឿងវិញ ហើយគេចខ្លួនបាត់ ។ ករណីនេះភ្ញាក់ផ្អើល វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែងផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

ម្ចាស់ម៉ូតូឈ្មោះ វួច សៀង អាយុ ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ម៉ូតូដែលចោរលួចម៉ាក ឌ្រីមសង់ សេ ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1-០០៦៧ (មិនចាំអក្សរខាងមុខ)។

ម្ចាស់ម៉ូតូប្រាប់ថា បានទុកម៉ូតូក្បែរគ្រែដេក ចាក់សោត្រឹម លុះព្រឹកឡើងស្រាប់តែបាត់បង្កភ្ញាក់ផ្អើល ស្រាប់តែឃើញម៉ូតូមួយម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1L-1065 បន្សល់ទុកនៅកន្លែងកើតហេតុទៅវិញ។

ប្រភពបន្តថា លុះដល់ម៉ោងប្រហែល៨និង៣០នាទីព្រឹក ស្រាប់តែមានបុរសម្នាក់មកអះអាងថា ម៉ូតូសង់កូរ៉េពណ៌ក្រហម មានពាក់ស្លាកលេខ កណ្តាល 1L-1065 ជាម៉ូតូរបស់គាត់ដែល ចោរលួចកាពី៣ថ្ងៃមុននៅក្បែរ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលបាត់នោះ គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ហើយដែរ ។

តែទោះជាយ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចបានយកម៉ូតូអាសង់កូរ៉េខាងលើយកទៅរក្សាទុកស្រាវជ្រាវសិន និងឲ្យម្ចាស់ម៉ូតូឌ្រីមសង់ដាក់ពាក្យបណ្តឹងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ដើម្បីស្រាវជ្រាវបន្ត ៕ តុង សីហា


ចែករំលែក៖