ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តពីស្រុកឈូកខេត្តកំពត ជាប់អន្ទាក់នគរបាលស្រុកស្វាយអន្ទរខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង: កម្លាំងនគរបាលស្រុកស្វាយអន្ទរបានស្ទាក់ចាប់ជនសង្ស័យម្នាក់ដែល ធ្វើសកម្ម​ភាព​លួចរថយន្តរបស់ប្រជាពលរដ្ឋបើកចេញពីស្រុកឈូក ខេត្តកំពត ហើយព្យាយាមបើក​រត់​ទៅ​មក​ដល់ភូមិសាស្ត្រស្រុកនេះ ក៏ជាប់អន្ទាក់សមត្ថកិច្ចតែម្តង ។

ជនសង្ស័យឈ្មោះ រិន ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិយួស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រតិបត្តិការស្ទាក់ចាប់ចោរលួចរថយន្តនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង​៤និង៤០នាទី​រសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដឹកនាំដោយ លោកវសេនី​យ៍ឯក អុង ផាន អធិការ ស្រុកស្វាយអន្ទរ បន្ទាប់ពី​ទទួលព័ត៌មានពីនគរបាលស្រុកឈូក ខេត្តកំពត ថា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ជនសង្ស័យខាងលើបានលួច​រថយន្ត​​មួយគ្រឿងម៉ាកតូយ៉ូតាកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2 AI 4032 រួចជិះសំដៅទៅខេត្តព្រៃវែង ទើបសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរស្ទាក់ចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យរូបនេះនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរកសាង​សំណុំ​រឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឈូកចាត់ការតាមច្បាប់បន្ត៕ សហការី

 


ចែករំលែក៖