ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តពីស្រុកព្រៃឈរ សមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាមៈ ជនសង្ស័យម្នាក់ បានលួចរថយន្ត ម៉ាកសាំយ៉ុង ពណ៌លឿងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-0610 លេខម៉ាស៊ីនៈ 662911, 10082061 លេខតួNlL ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ឹម សារិន នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ដែលមកសង់ផ្ទះរស់នៅក្នុងភូមិកើតហេតុខាងលើ ខណៈជនរងគ្រោះទុករថយន្តនេះនៅមុខផ្ទះ ហើយទីបំផុតសមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានសហការជាមួយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ដឹកនាំកម្លាំង ដេញតាមពីក្រោយនឹងទូរស័ព្ទត្រៀមស្ទាក់ចាប់រហូតដល់ចំណុចមុខអធិការដ្ឋាននគរបាលស្រុកបាធាយ ក៏ត្រូវបានកម្លាំងស្រុកបាធាយ ឃាត់រថយន្តបាន និងចាប់ខ្លួនជនសង្ស័យម្នាក់បាន។ ជនសង្ស័យលួចរថយន្តនេះ ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំក្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរ រត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងរឹបអូសរថយន្តជនរងគ្រោះមកវិញ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំង នគរបាលស្រុកព្រៃឈរ សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ សហការី


ចែករំលែក៖