ព័ត៌មានទាន់ហេតុការណ៍៖

លោកកូហ្វុី អាណាន់ អ្នកតស៊ូមួយជីវិតដើម្បីពិភពលោក មានតម្លាភាព និងសន្តិភាព

ចែករំលែក៖

លោកកូហ្វុីអាណាន់ ដែលជាមន្ត្រីជាន់ខ្ពស់ស្បែកខ្មៅមួយរូបក្នុងចំណោម២រូប មានស្នាដៃយ៉ាងធំធេងនៅលើពិភពលោក ក្នុងការស្វែងរកសន្តិភាព តម្លាភាព ក៏ដូច ជាការមិនប្រកាន់ពូជសាសន៍ បន្ទាប់ពី អតីតមេដឹកនាំ អាហ្វ្រិកខាងត្បូង លោក Nelson mandela។

នៅក្នុងសេចក្តីប្រកាសស្តីពីអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វុីអាណាន់ទទួលមរណភាព មូលនិធិ កូហ្វុីអាណាន់បានរៀបរាប់ថា លោកគឺជា បុគ្គលនៃពិភពលោក ហើយមានការសន្យា និងបំពេញការងារបានយ៉ាងល្អបំផុត នៅ លើឆាកអន្តរជាតិ។ លោកបានតស៊ូអស់​មួយជីវិតដើម្បីពិភពលោក មានតម្លាភាព យុត្តិធម៌និងសន្តិភាព។

នៅក្នុងសេចក្តីប្រកាសរបស់មូលនិធិ កូហ្វុីអាណាន់បានបញ្ជាក់ថា« នៅទីណា មានទុក្ខលំបាកនិងការខ្វះខាត លោក អាណាន់បានទៅដល់ទីនោះដើម្បីជួយ និងធ្វើឲ្យមនុស្សជាច្រើនរន្ធត់ចិត្តចំពោះ ព្រហ្មវិហារធម៌របស់លោក ។ លោកបាន ភ្លេចខ្លួនឯង ដោយដាក់អ្នកដទៃនៅខាង មុខជានិច្ច ហើយជួយដោយចិត្តស្មោះត្រង់ កក់ក្តៅ បំផុត។

លោកកូហ្វុីអាណាន់ ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយសារតែ សកម្មភាព មនុស្សធម៌គ្មានព្រំដែនរបស់ លោក ឥឡូវនេះបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨(១៨/០៨/១៨) ជាពេល វេលាមួយដ៏ល្អ ធ្វើឲ្យមនុស្សទូទៅងាយ ស្រួលក្នុងការចងចាំ លោក។

លោកកូហ្វីអាណាន់កើតនៅគ្រួសារធូរធារ និងមានស្នាដៃមួយនៅក្នុងប្រទេស ហ្គាណា ដោយ ជីតាទាំងសងខាងគឺជា ប្រធានក្រុមកុលសម្ព័ន្ធ ។ លោកបានទៅ សិក្សានៅអាមេរិក ហើយធ្វើការឲ្យអង្គការសុខភាពពិភពលោក នៅឆ្នាំ ១៩៦២ ដោយមិនមានតំណែងអ្វីឡើយគ្រាន់តែជាបុគ្គលិកប៉ុណ្ណោះ។ ពេលដំបូងលោកគិតថា នឹងធ្វើការនោះតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ដោយមិន នឹកស្មានថាលោកត្រូវធ្វើការ ឲ្យអង្គការ សហប្រជាជាតិអស់មួយជីវិតបែបនេះឡើយ។ លោកក្លាយជាជនជាតិស្បែកខ្មៅដំបូងបង្អស់នៅលើពិភពលោក កាន់ តំណែងអគ្គលេខាធិការ អង្គការសហប្រជា ជាតិ២អាណត្តិ ចាប់ពីឆ្នាំ ១៩៩៧មក។

ខាងក្រោមនេះជាស្នាដៃរបស់លោក កូហ្វុីអាណាន់ ពេលកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៧ដល់ដំណាច់ឆ្នាំ ២០០៦។ ក្នុងឆ្នាំ ២០០១ ពោលក្នុងពេលជាប់ឆ្នោតអាណត្តិថ្មីជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាណាន់ រួមជាមួយអង្គការពិភពលោកមួយនេះក៏បានទទួលរង្វាន់ណូបែលសន្តិភាពរួមគ្នា។

ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់និន្នាការនយោបាយក្នុងលោកបាននិងកំពុង បន្តចូលរួមគោរពវិញ្ញាណក្ខន្ធ និងកោតសរសើរលើការងារការទូតដែលលោកកូហ្វុី អាណាន់សម្រេចបាននៅផ្ទៃក្នុងអង្គការ សហប្រជាជាតិ។ តែទន្ទឹមនឹងកិច្ចការជោគ ជ័យ ក៏មានកិច្ចការបរាជ័យផងដែរ។

គឺប្រសិទ្ធភាពការងារ ការតស៊ូ ភាពអត់ ធ្មត់ និងការប្តេជ្ញាចិត្តរបស់លោកកូហ្វុី អាណាន់ដែលគ្រប់គ្នាបានចាត់ទុកលោកជាជាតារាការទូតពិភពលោក។ លោកកូហ្វុី អាណាន់បានកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិរយៈពេល ១០ឆ្នាំពីឆ្នាំ ១៩៩៧ដល់ដំណាច់ឆ្នាំ ២០០៦ មែន តែបើគេបូកសរុបទៅ លោកបាន បម្រើការងារឲ្យអង្គការពិភពលោកមួយនេះរយៈពេលដល់ទៅ ៤០ឆ្នាំ។ ក្រោយពីបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសក្នុងឆ្នាំ ១៩៦២ លោកកូហ្វុី អាណាន់បានចូលធ្វើការនៅ ក្នុងអង្គការសុខភាពពិភពលោក និងបន្តធ្វើការនៅតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងទៀតជាច្រើន ពិសេសនៅឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន។

ចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦ លោកបានក្លាយជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពោលគឺ ក្នុងសម័យសង្រ្គាមនៅបូស្ន៊ី និងពេលកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរ្វ៉ាន់ដាឆ្នាំ ១៩៩៤។ បន្ទាប់មកក្នុងថ្ងៃទី១ មករា ឆ្នាំ ១៩៩៧ លោកកូហ្វី អាណាន់បានក្លាយជាអគ្គលេខាធិការទី៧ របស់អង្គការ សហប្រជាជាតិ មុននឹងជាប់ឆ្នោតអាណត្តិ ទី២ ក្នុងឆ្នាំ ២០០១។ មានការកត់សម្គាល់ ចំនួន ៣ ទាក់ទងនឹងបុគ្គលលោកកូហ្វុី អាណាន់ ទី១-លោកជាអគ្គលេខាធិការ លើកទី១ ដែលត្រូវបានជ្រើសចេញពីផ្ទៃ ក្នុងអង្គការសហប្រជាជាតិ ទី២-លោកជា អគ្គលេខាធិការលើកទី១ ដែលមានប្រភពពីទ្វីបអាហ្រ្វិកសាហារ៉ា, និងទី៣-លោកជា អគ្គលេខាធិការទី១ ដែលបានទទួលរង្វាន់ណូបែលសន្តិភាពជាមួយអង្គការរបស់លោកក្នុងឆ្នាំ ២០០១។

ក្នុងរយៈពេល ១០ឆ្នាំជាប្រមុខអង្គ ការពិភពលោក លោកកូហ្វុី អាណាន់តែងប្រកាន់យកគោលការណ៍សន្តិភាពនិយម ចូលរួមលើកដំឡើងតម្លៃរបស់អង្គការ សហប្រជាជាតិ ធ្វើឲ្យអង្គការពិភពលោក មួយនេះដើរតួនាទីសំខាន់នៅក្នុងដំណោះស្រាយជម្លោះក្នុងលោក និងបានរៀបចំ សណ្តាប់ធ្នាប់ពិភពលោកឲ្យមានរបៀបរៀបរយឡើងវិញ។

លោកកូហ្វុី អាណាន់បានបំពេញ ការងារ សរុបរយៈពេល ៤០ឆ្នាំនៅផ្ទៃក្នុង អង្គការសហប្រជាជាតិ គិតទាំងការងារជាតំណែងអគ្គលេខាធិការផង។ ដូច្នេះ លោក បានដឹង និងបានជួបប្រទះនូវរឿងរ៉ាវច្រើនណាស់នៅក្នុងលោក ហើយនៅក្នុង ចំណោមបញ្ហាទាំងអស់នោះ មានរឿងរ៉ាវខ្លះបានកើតមានឡើងនៅមុនលោកក្លាយជាអគ្គលេខាធិការ និងរឿងរ៉ាវខ្លះទៀតបានកើតមានឡើងក្នុងពេលដែលលោកកំពុងកាន់តំណែងកំពូលមួយនេះ។ ជាក់ស្តែង អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរ្វ៉ាន់ដា និងសង្រ្គាមនៅបូស្ន៊ីក្នុងទសវត្សឆ្នាំ ៩០ និងសង្រ្គាមនៅអុីរ៉ាក់ទម្លាក់លោកសាដាម ហ៊ូសេនបង្កឡើងដោយអាមេរិក និងប្រទេស អង់គ្លេសក្នុងឆ្នាំ ២០០៣។

ទាក់ទងនឹងអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរវវ៉ាន់ដាឆ្នាំ ១៩៩៤ លោកកូហ្វ៊ី អាណាន់មិនទាន់ក្លាយជាអគ្គលេខាធិការទេ តែលោកបានចាត់ទុកព្រឹត្តិការណ៍មួយនេះជាបរាជ័យរបស់ពិភពលោកទាំងមូល និងជាកង្វះឆន្ទៈនយោបាយ ពោលមិនមែនកង្វះព័ត៌មានទេ។ ពាក្យ សម្តីទាំងអស់នេះត្រូវបានលោកកូហ្វុី អាណាន់និយាយជាថ្មីនៅក្នុងសន្និសីទ កាសែតក្នុងប្រទេសកេនយ៉ាកាលពីឆ្នាំ ១៩៩៨ ពោលគឺក្រោយពីកាន់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបាន ១ឆ្នាំ។ ព្រឹត្តិការណ៍ដ៏អាក្រក់ និងអាប់អួ ខ្លាំងជាងគេរបស់លោកកូហ្វុី អាណាន់ គឺសង្រ្គាមនៅអុីរ៉ាក់ក្នុងឆ្នាំ ២០០៣ ពោល ក្នុងពេលដែលលោកកំពុងកាន់តំណែង អគ្គលេខាធិការអាណត្តិទី២។

ជាព្រឹត្តិការណ៍ដ៏អាក្រក់ និងអាប់អួរបំផុតព្រោះជាសង្រ្គាមបញ្ឆេះឡើង ដោយអាមេ រិក និងប្រទេសអង់គ្លេសដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខទេ។ ទោះជា យ៉ាងនេះក្តី លោកកូហ្វុី អាណាន់មិនញញើតនឹងចាត់ទុកការវាយប្រហារលើអុីរ៉ាក់ជារឿងខុសច្បាប់ឡើយ។ « ខ្ញុំគិតថា ពេលវេលាដ៏ អាប់អួបំផុតរបស់ខ្ញុំ គឺសង្រ្គាមនៅអុីរ៉ាក់ដែលយើងមិនអាចរារាំងវាកុំឲ្យកើតមានឡើង » នេះជាការថ្លែងរបស់លោកកូហ្វុី អាណាន់នៅក្នុងបទសម្ភាសន៍ឲ្យទស្សនាវដ្តី Times កាលពីឆ្នាំ ២០១៣៕ ម៉ែវ សាធី


ចែករំលែក៖