ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង សុំទោសពលរដ្ឋចំពោះជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន ហើយអាជ្ញាធរដោះស្រាយមិនទាន់ពេល 

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ចុះជួយខណ្ឌព្រែកព្នៅ បានសុំទោសប្រជាពលរដ្ឋ និងការសោកស្តាយ និងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មួយចំនួន ទទួលរងបរិមាណទឹកភ្លៀងរហូតដល់៩៣,៦៤mm ដែលជាបរិមាណ១ដ៏សម្បើម នៅពេលរាជធានីភ្នំពេញ អាចធានាបានតែប្រមាណ៤០mm តែប៉ុណ្ណោះ។
លោក ឃួង ស្រេង បានសុំទោសចំពោះប្រជាពលរដ្ឋបែបនេះ ខណៈ លោក និងក្រុមការងារ ចុះជួប សំណេះសំណាល និងនាំយកអំណោយ សប្បុរសធម៌ មួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកភ្លៀងធ្លាក់ជោកជាំ បណ្តាលឲ្យលិចផ្លូវ ទឹកចូលផ្ទះ ចំនួន៧២១គ្រួសារ ស្ថិតក្នុងសហគមន៍ភូមិ អណ្ដូង ទី១, ទី២, ទី៣ និង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ  កាលពីថ្ងៃសៅរ៏ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ ក៏ដូច ជាមន្ទីរជំនាញ ដើម្បីបើកមុខទឹករំដោះជំនន់ទឹកភ្លៀងនេះចេញពីភូមិដ្ឋានរបស់ បងប្អូនប្រជាពលរដ្ឋនេះ ផងដែរ ។
ប៉ុន្តែការងារនេះ នៅតែមិនទាន់ បានឆ្លើយតបបានទាន់ពេលវេលានៅឡើយ ដោយសារតែទឹកហូរធ្លាក់មកពីប៉ែកខាងកំពង់ស្ពឺ យ៉ាងគំហុកចាក់មកភូមិសាស្ត្ររាជធានីភ្នំពេញ ។  តែទោះបីយ៉ាងណា អាជ្ញាធរមិនបានព្រងើយ កន្តើយ ក្នុងការចាត់វិធានការ ដោះស្រាយសម្រាប់ប្រជាពលរដ្ឋយើងឡើយ ជាពិសេសការគិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខលំបាករបស់ ប្រជាពលរដ្ឋដែលរងគ្រោះ។
លោក សុខ សម្បត្តិ  អភិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងដែរថា ៖ពេលនេះក្នុងខណ្ឌព្រែកព្នៅ មានសង្កាត់ចំនួន២ ដែលរងគ្រោះដោយទឹកភ្លៀងលិចភូមិ គឺសង្កាត់សំរោង មាន២៨ គ្រួសារ, សង្កាត់គោករកា ដែលលិចខ្លាំងមានរហូត ដល់៧២១ គ្រួសារ ក្នុងនោះក៏មានភូមិអណ្តូង៤ និងអណ្តូង៦ផងដែរ។
សូមបញ្ជាក់ថា៖  អំណោយសប្បុរសធម៌របស់ សម្ដេចតេជោហ៊ុន សែន តាមរយៈអាជ្ញាធររាជធានីភ្នំពេញ យកមកចែកជូនបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ចំនួន៧២១គ្រួសារ ស្ថិតនៅសហគមន៍ភូមិអណ្ដូង ថ្ងៃនេះ រួមមាន ក្នុង១គ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម, មី១កេស , ទឹកសុទ្ធ១កេស, ទឹកត្រី៦ដប និងថវិកា៥ម៉ឺនរៀល ៕  សំរិត

ចែករំលែក៖