ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ ជំរុញឲ្យនារីទាំងអស់ត្រូវបង្កើនសមត្ថភាពខ្លួនបន្ថែមឲ្យសមទៅតាមការ លើកដំកើងពីបុរសនិងរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានលើកឡើងថា៖ នារីត្រូវតែបង្កើនសមត្ថភាពខ្លួន បន្ថែមឲ្យសមទៅតាម ការលើកដម្កើង ពីបុរស និងពីរាជរដ្ឋភិបាល ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យនារីបម្រើការងារនៅ តាមមូលដ្ឋាន សង្កាត់ ខណ្ឌ និងតាមមន្ទីរនានាក៏ដូចនារីនៅសាលារាជធានី ត្រូវអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពចំណេះដឹងប្រចាំថ្ងៃរបស់ខ្លួនបន្ថែម ឲ្យសមទៅតាមការលើកដម្កើង ពីបុរស និងរាជរដ្ឋភិបាល ក្នុងភាពជាថ្នាក់ដឹកនាំ ដែលមានសិទ្ធិស្មើបុរស ដើម្បី រួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យការរីកចម្រើន។

លោកឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកចូលរួម ក្នុងពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បី អភិវឌ្ឍន៍ជាតិ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ៦ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៦ មីនា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ៖ គ្រប់បងប្អូននារីដែលបម្រើការងារនៅតាមមូលដ្ឋានរហូតដល់ថ្នាក់ ក្រសួង មន្ទីរ ស្ថានប័នទាំងអស់សុទ្ធ ជាធនធានមនុស្សមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍរាជធានីភ្នំពេញ ដោយបងប្អូននារីបានបំពេញការងារ បម្រើឲ្យសង្គមជាតិយ៉ាងច្រើននិងមិនខ្លាចនឿយហត់។ទិវាអន្តរជាតិនារី៨មីនានេះ ធ្វើឡើងក៏ដើម្បីរំលឹកឡើងវិញពីវីរៈភាពរបស់ស្ត្រី ដែលបានប្រឆាំងនឹងលក្ខខណ្ឌការងារ តួនាទីស្រ្តី ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍ ការជំរុញឲ្យបញ្ឈប់នូវការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញផងដែរ។លោបន្តថា៖ សិទ្ធិនារីនេះ មិនមែនមានតែមួយថ្ងៃនេះទេគឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានលើកតំកើនយូរមកហើយ នេះបើមើលតាមរយ: ភាសារ និងអក្សរ ដូចជាមេបា មេទ័ព មេក្លោងជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ បាន បង្កើតឲ្យមានច្បាប់ ដើម្បីឲ្យស្រ្តីដឹកនាំ នៅក្នុងស្ថាប័នមួយ យ៉ាងតិចមានចាប់ពីម្នាក់ឡើងទៅផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។ លោកបញ្ជាក់ថា ៖ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ មានការរីកចំរើន នារីដែលបម្រើការងារនៅរាជធានីភ្នំពេញទាំងអស់ ត្រូវអភិវឌ្ឍន៍ចំណេះដឹង និងពង្រឹងសមត្ថភាពខ្លួនបន្ថែមឲ្យសក្តិសមទៅនឹងការបង្កើតឲ្យមានយេនឌ័រនៅកន្លែងធ្វើការមានសិទ្ធិស្មើបុរសដែរ។

នៅពេលដែលមានការលើកដំកើងពីបុរស និងរាជ រដ្ឋាភិបាលរានារីត្រូវបង្កើននូវចំណេះដឹង ប្រចាំថ្ងៃរបស់ខ្លួនធ្វើការអភិវឌ្ឍខ្លួន ដើម្បីឲ្យសាកសមទៅនិងការលើកដំកើងទាំងបុរសទាំងស្រ្តី។ព្រោះនីលើពិភពលោកការអភិវឌ្ឍផ្នែកចំណេះដឹងតែងតែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ ដោយ មូលហេតុថាកាលណាជីវភាពកាន់រុងរឿង មនុស្សកាន់តែច្រើនការប្រកួតនៅលើទីផ្សារត្រូវតែជ្រើសរើសរកមនុស្សដែលមានសមត្ថភាពពេញលេញ ដែលយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែង មិនថាបុរស មិនថាស្ត្រីត្រូវតែមានការអភិវឌ្ឍទទួលនូវចំណេះដឹងជារៀងរហូត។

លោក ស្រី មុំ សណ្តាប់ ប្រធានសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ បានលើកឡើងថា ទិវានារីអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធ៌មអហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បី វឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។

សូមបញ្ជាក់ថា៖ សព្វថ្ងៃសមាសភាព សមាជិកព្រឹទ្ធសភាជាស្រ្តីមាន១០រូបស្មើ១៦ភាគរយ រដ្ឋសភាមាន២៤រូបស្មើ២០ភាគរយ ឧបនាយករដ្ឋមន្រ្តីមាន០១រូប រដ្ឋមន្រ្តីមាន០៣រូប រដ្ឋលេខាធិការមាន៣៨រូប អនុរដ្ឋលេខាធិកាមាន៤៨រូប និងមន្រ្តីរាជការ ជាស្រ្តីមានការកើនឡើងជាង៣៨ភាគរយ ។ ដោយឡែកសមាសភាពជាសមាជិកក្រុមប្រឹក្សា ឃុំ -សង្កាត់ បានកើនឡើងពី១៥ភាគរយ ៕ សំរិត


ចែករំលែក៖