ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ និងគីម ជុងអ៊ុន អាចជួបគ្នាជាលើកទីពីរនៅឆ្នាំ២០១៩

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាន ប្រកាសថា ប្រធានាធិបតីដូណាល់ ត្រាំ នឹងចូលរួម កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទីពីរក្នុងពេលខាងមុខ ប៉ុន្តែមិនមែននៅក្នុងឆ្នាំនេះឡើយ គឺអាច ធ្វើឡើងនៅឆ្នាំ២០១៩។

ការប្រកាសខាងលើ របស់ទីប្រឹក្សា សន្តិសុខជាតិអាមេរិក គឺដើម្បីបញ្ចប់នូវ ពាក្យចចាមអារ៉ាមថា ជំនួបកំពូលនឹងត្រូវធ្វើឡើងនៅខែក្រោយ។ កន្លងមក ប្រធានា ធិបតីដូណាល់ ត្រាំក៏បានប្រកាសផង ដែរថា ជំនួបជាមួយលោក គីម ជុងអ៊ុន ជាលើកទីពីរ នឹងត្រូវធ្វើឡើងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ខែវិច្ឆិកា។

លោក Bolton បានបញ្ជាក់ទៀតថា ការចាំបាច់របស់កូរ៉េខាងជើង នៅក្នុងការ លុបបំបាត់បរមាណូ គឺជារឿងមិនអាច ប្រកែកបានឡើយ ។ ក្រៅពីនេះ លោក បញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការ និងការដាក់គំនាបយ៉ាងតឹងតែងដល់កូរ៉េខាងជើង ទើបបង្ខំឲ្យប្រទេសនេះលុបបំបាត់ បរមាណូ។

កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយជួបពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ដល់ភាពរីកចម្រើន នៅក្នុងទំនាក់ទំនងឆ្ពោះទៅរកកិច្ចព្រមព្រៀងសំខាន់ ពិសេសគឺការរៀបចំជំនួបជាលើក ទីពីរ នៅពេលខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖