ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ អញ្ជើញទៅចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធឥស្លាមពិភពលោក បន្ទាប់ពីជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សារបស់អង្គការនេះ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាអង្គការសម្ព័ន្ធឥស្លាមពិភពលោក រួមជាមួយមេដឹកនាំអង្គការឥស្លាមធំៗនៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោក ត្រូវបានអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) បានជ្រើសតាំងលោកជាសមាជិកឧត្តមក្រុមប្រឹក្សា សម្រាប់រយៈពេល៥ឆ្នាំ ២០១៨- ២០២៣ ដែលអង្គការនេះ នឹងរៀបចំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាលើកទី៤៣ នៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្តីពីបញ្ហានានា របស់ឥស្លាមសម័យទំនើប និងស្ថានការណ៍របស់សហគមន៍មូស្លិមភាគតិចជុំវិញពិភពលោក និងបញ្ហាផ្សេងៗ។

គណៈប្រតិភូកម្ពុជាបានចេញដំណើរ កាលពីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ៖ អង្គការសម្ព័ន្ធឥស្លាមពិភពលោកជាអង្គការឥស្លាមដ៏ធំរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ Faisal bin Abdul Aziz Al Saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អង្គការនេះដែរ ក៏ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាសមាជិកសង្កេតការណ៍របស់អង្គការ OIC ដែលមានសមាជិកជាប្រទេសឥស្លាម ៥៧ប្រទេសផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅអារ៉ាំប៊ីសាអូឌីតនេះ លោកទេសរដ្ឋមន្រ្តី ក៏គ្រោងនឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងអតីតនាយកនៃនាយដ្ឋាន សហគមន៏មូស្លិមភាគតិចរបស់អង្គការ(OIC) ថ្នាក់ដឹកនាំធនាគារអភិវឌ្ឈន៍ឥស្លាម(IDB) ប្រធានមូលនិធិសាមគ្គីឥស្លាម (ISF) និងជំនួបជាមួយភាគីក្រសួងសំខាន់នានាទៀត។

លោកបានរំលឹកថា៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូយើងនឹងបន្តដំណើរទៅកាន់ប្រទេសទួរគី ដើម្បីចូលរួមអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសទួរគី ដែលនឹងធ្វើឡើងពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៨ រួចបន្តដំណើរជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសស្វីស ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ របស់សន្និសីទ សហប្រជា ជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ២០១៨ ៕ សំរិត


ចែករំលែក៖