ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យដាក់កុងត្រូលជជុះប្រមូលលុយ

ចែករំលែក៖

 

ខេត្តឧត្តរមានជ័យៈ លោកអឹម សាវរិទ្ធ ក្រោយពីចូលកាន់តំណែង ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានប្រើប្រាស់អំណាចរបស់ខ្លួនដាក់កុងត្រូលជជុះបែបអនាធិបតេយ្យ ដោយ ឲ្យមន្ត្រីក្រោមឱវាទដើម្បីប្រមូលប្រាក់ដាក់ក្នុងហោប៉ៅ គ្រប់សកម្មភាពបទល្មើសព្រៃឈើ មិនថា គោយន្តកន្ត្រៃ ដឹកអុសឈើ គ្រឿងសិប្បកម្ម ។ ជាពិសេសទាំងនោះ ដេកចាំរាប់ក្បាលរថយន្ត ក្បួនដឹកឈើគ្រញូងរបស់ឈ្មួញជាជនជាតិវៀតណាមឈ្មោះ យាយ ម៉ាយតែម្តង ។

ជាក់ស្តែងកាលពីរសៀលនាថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីរដ្ឋបាលព្រៃឈើ២នាក់បានប្រើប្រាស់រថយន្ត២គ្រឿង ដេញស្ទាក់រថយន្តយីឌុបមួយគ្រឿង ស្ថិតនៅចំណុចខាងកើតផ្លូវអក្សរT ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយគេសង្ស័យថា រថយន្តខាងលើមានផ្ទុកបទល្មើសឈើ ដែលតម្រូវឲ្យបង់ក្បាលឡាន តាមបទបញ្ជារបស់មេ តែឈ្មួញនេះមិនបង់ ក៏មានការដេញតែម្តង ។

ប្រភពពីមន្ត្រីសមត្ថកិច្ចនៅតំបន់នោះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ ដែលតែងតែធ្វើសកម្មភាពនៅលើដងផ្លូវបានជួលផ្ទះប្រជាពលរដ្ឋនៅចំណុចខាងលើដើម្បីឲ្យធ្វើជាប៉ុស្តិ៍យាមប្រចាំការឃ្លាំយកលុយពីបទល្មើស២៤ម៉ោងលើ២៤ម៉ោង។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានឲ្យដឹងថា លោកមិនបានដឹងរឿងទាំងអស់នេះទេ ហើយក៏គ្មានបទបញ្ជាពីលោកផងដែរ បើអ្នកណាប្រព្រឹតអ្នកនោះជាអ្នកទទួលខុសត្រូវខ្លួនឯង ។

ប្រជាពលរដ្ឋរស់នៅចំណុចខាងលើរាយការណ៍ឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើរបស់លោក សូត្រ ស៊ីសុខឃាង គឺបានដាក់ទីតាំងយកលុយយ៉ាងអនាធិបតេយ្យនោះមែន ស្ថិតក្នុងសង្កាត់កូនក្រៀល និងតែងតែដេញឃាត់រថយន្តបទល្មើសណាដែលមិនចូលបង់លុយ និងមិនមានការទំនាក់ទំនងជាមុន ដើម្បីឲ្យបង់លុយ ។

ទាក់ទងព័ត៌មាននេះ នគរវត្តមិនអាចរកការបកស្រាយពីលោកសូត្រ ស៊ីសុខឃាង បានទេ តែយ៉ាងណា ថ្នាក់លើគួរពិនិត្យមើលលោក ឃាង ផង កុំឲ្យរាស្ត្រក្តៅក្រហាយ ៕ ប៉ែន នួន


ចែករំលែក៖