ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនបំពេញទស្សនកិច្ចនៅស៊ីរីស្ងាត់ៗ ហើយប្រកាសដកកងទ័ព

ចែករំលែក៖

មេដឹកនាំប្រទេសរុស្ស៊ី លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឲ្យដឹងមុនទៅកាន់ប្រទេសស៊ីរី ហើយបានប្រកាសដកកងកម្លាំងទ័ពដោយផ្នែកខ្លះចេញពីទឹកដីស៊ីរី។

លោកពូទីន ត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់លោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ខណៈអញ្ជើញទៅដល់បន្ទាយកងទ័ពជើងអាកាសរបស់រុស្ស៊ី Hmeimim ជិតតំបន់ Latakia។

កងកម្លាំងរុស្ស៊ីដែលប្រឡូកខ្លួនចូលក្នុងសង្គ្រាមស៊ីវិលស៊ីរីនោះគឺមានសារសំខាន់បំផុតជួយដល់កងទ័ពស្មោះត្រង់លោកអាល់​​អាសាដ។

កាលពីខែមីនា ឆ្នាំ២០១៦ លោកពូទីន បានប្រកាសដកកម្លាំងប្រហាក់ប្រហែលគ្នានេះម្តងដែរ ប៉ុន្តែកម្លាំងយោធារុស្ស៊ីនៅបន្តប្រតិបត្តិការដដែល។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានផ្សព្វផ្សាយដោយស្រង់ប្រសាសន៍លោកពូទីន មកបញ្ជាក់ថា​«ខ្ញុំបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គនាយសេនាធិការឲ្យដកកងកម្លាំងរុស្ស៊ីត្រឡប់មកចូលបន្ទាយជាអចិន្ត្រៃយ៍វិញ»។

លោកបានថ្លែងថា «ខ្ញុំបានធ្វើសេចក្តីសម្រេចចិត្តរួចហើយ ដកកងទ័ពផ្នែកខ្លះនៅស៊ីរីឲ្យវិលមកមាតុភូមិរុស្ស៊ីវិញ»។

លោកពូទីន បានព្រមានថា ប្រសិនបើ«ភេរវកអើតក្បាលឡើងទៀត រុស្ស៊ីអាចនឹងវាយប្រហារតាមដែនអាកាសទៅលើពួកគេ ដែលមិនធ្លាប់បានឃើញពីមុនមកនោះជាក់ជាមិនខានឡើយ»។

លោកពូទីន បន្តថា យើងមិនភ្លេចនោះឡើយជនរងគ្រោះ ការបាត់បង់ និងការរងទុក្ខដោយសារសង្គ្រាមប្រឆាំងភេរវកម្ម ទាំងនៅទីនេះទឹកដីស៊ីរី និងទាំងនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

លោកបានថ្លែងប្រាប់លោកប្រធានាធិបតីបាសា អាល់អាសាដថា រុស្ស៊ីមានបំណងធ្វើការជាមួយរដ្ឋាភិបាលសម្ពន្ធមិត្តសំខាន់ៗផ្សេងៗទៀត ដូចជាអ៊ីរ៉ង់ និងទួរគី ដែលគាំទ្រដល់ក្រុមប្រឆាំងនោះដើម្បីនាំមកនូវសន្តិភាពជូនស៊ីរី។

សប្តាហ៍មុននេះ លោកពូទីន បានថ្លែងពីជ័យជម្នះបោសសម្អាតពួកឧទ្ទាម jihadist នៃក្រុមដែលឈ្មោះថា រដ្ឋអិស្លាមIS នោះចេញពីជ្រលងភ្នំ Euphrates ស្ថិតនៅភាគខាងកើតស៊ីរី ។

រុស្ស៊ីបានចូលរួមយុទ្ធនាការតាមដែនអាកាសនៅស៊ីរីក្នុងខែកញ្ញា ឆ្នាំ២០១៥ ក្នុងគោលបំណងនាំមកនូវស្ថិរភាពជូនរដ្ឋាភិបាលលោកអាសាដ បន្ទាប់ពីបរាជ័យបន្តបន្ទាប់។

ទីក្រុងមូស្គូប្រកាសថា គោលដៅរបស់ខ្លួនសម្តៅតែទៅលើក្រុមភេរវកប៉ុណ្ណោះ ប៉ុន្តែក្រុមសកម្មជននិយាយថា ការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ីភាគច្រើនសម្តៅទៅលើទីតាំងក្រុមប្រឆាំង និងជនស៊ីវិល។

យុទ្ធនាការរបស់កងកម្លាំងរុស្ស៊ីបានជួយឲ្យកងទ័ពរដ្ឋាភិបាលស៊ីរីបំបែកភាពជាប់គាំងក្នុងសមរភូមិសំខាន់ៗជាច្រើន ដែលភាគច្រើននៅទីក្រុងអាឡែបប៉ូ។

ជាប្រចាំថ្ងៃ ទាហានរុស្ស៊ី និងស៊ីរីបានបាញ់ប្រហារពីលើអាកាសទៅលើទីក្រុងភាគខាងកើតគ្រប់គ្រងដោយក្រុមបះបោរស៊ីរី មុនពេលបាត់បង់នៅខែធ្នូ ឆ្នាំ២០១៦ ស្លាប់មនុស្សរាប់រយនាក់ បំផ្លាញមន្ទីរពេទ្យ សាលារៀន និងផ្សារ។ នេះបើតាមរបាយការណ៍អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ។

ទីក្រុងមូស្គូច្រានចោលជានិច្ចថា ការវាយប្រហារតាមដែនអាកាសរបស់ខ្លួនបង្កឲ្យជនស៊ីវិលស្លាប់។

ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរី, ទោះបីយ៉ាងណា បានចេញរបាយការណ៍កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ថា រុស្ស៊ីវាយប្រហារតាមដែនអាកាសនៅស៊ីរីស្លាប់ជនស៊ីវិល៦៣២៨នាក់ ក្នុងនោះកុមារ១៥៣៧នាក់។

ក្រុមឃ្លាំមើលមូលដ្ឋាននៅអង់គ្លេសបានចេញរបាយការណ៍ថា ជនរងគ្រោះបាត់បង់ជីវិត ជាសរុប៣៤៦.៦១២នាក់ តាំងពីចាប់ផ្តើមបះបោរប្រឆាំងលោកអាល់ អាសាដ ក្នុងឆ្នាំ២០១១មកដល់ពេលនេះ ៕


ចែករំលែក៖