ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយម្នាក់តូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយសម្រេចចិត្ដចងក.ធ្វើអត្ដឃាត

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកយាយម្នាក់តូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ បានសម្រេចចិត្ដចងកធ្វើអត្ដឃាតសម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ អ៊ឹម ស្រ៊ុន ភេទ ស្រី អាយុ៨៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា ( មានជំងឺវង្វេងស្មារតី ) មានទីលំនៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ជួន ខេង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជា កូនបង្កើតរបស់លោកយាយរងគ្រោះបានឲ្យដឹងថា លោកយាយរងគ្រោះគឺមានជាមនុស្សមានជំងឺប្រចាំកាយលើសឈាម ទឹកនោមផ្អែម និងមានស្មារតីវង្វេងរយៈពេលជាង១០ឆ្នាំមកហើយរូបគាត់ជាកូនបានយកលោកយាយរងគ្រោះ(ម្តាយ) ទៅព្យាបាលនៅមន្ទីរពេទ្យនានា តែព្យាបាលពុំជាសះស្បើយទេរហូតដល់សព្វថ្ងៃ ។ លុះមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ គាត់ជាកូនបានចេញពីផ្ទះទៅច្រូតស្រូវនៅដីស្រែខាងលិចភូមិ ដោយទុកម្តាយឲ្យប្តីរបស់គាត់នៅមើលថែ ។ ដោយប្ដីរបស់គាត់នៅជួសជុលកង់នៅខាងក្រោមផ្ទះ ទុកម្តាយឲ្យសម្រាកនៅលើផ្ទះ លុះជួសជុលកង់រួចហើយ ប្តីរបស់គាត់បានឡើងទៅលើផ្ទះ ស្រាប់តែឃើញ លោកយាយរងគ្រោះ(ម្តាយ)របស់គាត់ បានធ្វើអត្តឃាតចងកនឹងធ្នឹមផ្ទះបាយដោយខ្សែនីឡុងស្លាប់បាត់ទៅហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតប្រាកដមែន ។ ក្រោយពីពិនិត្យចាប់ ក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖